នគរបាលខេត្តកណ្តាល ប្រើពេល១០ថ្ងៃ បំបែកសំណុំរឿងឃាតកម្មកាប់ប្លន់យកម៉ូតូនៅស្រុកអង្គស្នួល
កម្លាំងសមត្ថកិច្ច នៃ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បន្ទាប់ពីប្រើប្រាស់ពេលវេលាស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ត្រឹមតែ ១០ថ្ងៃ កម្លាំងសមត្ថកិច្ចបានបើកប្រតិបត្តិការបំបែកសំណុំរឿងឃាតកម្ម កាប់ប្លន់យកម៉ូតូ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក ៦នាក់ កាលពីវេលាម៉ោង ២:៣០នាទីរសៀល ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦។

ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការចង្អុលបង្ហាញផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងមានការសម្របសម្រួលនីតិវិធីពី លោក គុជ គឹមឡុង ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល ដោយមានការសហការរវាងកម្លាំងនគរបាលស្រុកអង្គស្នួល និងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ។
ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ រឿន ម៉ារ៉ាឌី ភេទប្រុស អាយុ ២០ឆ្នាំ (មុខរបរមិនពិតប្រាកដ) រស់នៅសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ លទ្ធផលធ្វើតេស្តទឹកនោមបង្ហាញថា វិជ្ជមាន(+) សារធាតុញៀន។

តាមការបញ្ជាក់ពីសមត្ថកិច្ចបានឱ្យដឹងថា ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង ៨:៥០នាទីយប់ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នៅលើចិញ្ចើមផ្លូវជាតិលេខ៥១ ក្នុងភូមិអង្គតាសិត ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្ដាល។
តាមចម្លើយសារភាពរបស់ជនសង្ស័យ រឿន ម៉ារ៉ាឌី បានឱ្យដឹងថា មុនពេលកើតហេតុ ក្រុមរបស់ខ្លួនមានគ្នា ៦នាក់ បានប្រមូលផ្តុំគ្នានៅដីឡូត៍មួយកន្លែងក្នុងខណ្ឌព្រែកព្នៅ ហើយបានយកកាំបិតផ្គាក់ជិះម៉ូតូ ៣គ្រឿង ដើរធ្វើសកម្មភាពតាមផ្លូវជាតិលេខ៥១។ ពេលឃើញជនរងគ្រោះជិះម៉ូតូម្នាក់ឯង ក្រុមជនសង្ស័យបានជិះដេញតាម រួចយកកាំបិតផ្គាក់កាប់ និងគប់ដាវត្រូវជនរងគ្រោះ បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរដួលម៉ូតូ។ ភ្លាមៗនោះ ក្រុមជនសង្ស័យបានលើកយកម៉ូតូជនរងគ្រោះជិះគេចខ្លួន ហើយយកទៅលក់នៅរាជធានីភ្នំពេញ ដោយជនសង្ស័យ រឿន ម៉ារ៉ាឌី ទទួលបានប្រាក់ចែកផលចោរកម្មចំនួន ២៥០,០០០រៀល យកទៅបង់ថ្លៃបន្ទប់ជួល។


បច្ចុប្បន្ន កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល កំពុងកសាងសំណុំរឿងតាមនីតិវិធីច្បាប់ និងបន្តស្រាវជ្រាវតាមប្រមាញ់បក្ខពួកចំនួន ៥នាក់ទៀតដែលកំពុងរត់គេចខ្លួន ដើម្បីយកមកផ្តន្ទាទោសទៅតាមច្បាប់ជាធរមាន៕



