ពលរដ្ឋមានអាយុ ១៨ឆ្នាំឡើងមានចំនួនជាង ១១លាននាក់ ពលរដ្ឋទើបគ្រប់អាយុ ១៨ ឆ្នាំជាង ១សែននាក់ និងពលរដ្ឋត្រូវចុះឈ្មោះបោះឆ្នោតថ្មីជាង ២សែននាក់

(ភ្នំពេញ)៖ គិតរហូតមកដល់ពេលនេះប្រជាពលរដ្ឋមានអាយុ ១៨ឆ្នាំឡើង មានសរុបចំនួន ១១.២២៩.០៤៩នាក់ ក្នុងនោះស្ត្រី ចំនួនជាង៥ លាននាក់ ,ប្រជាពលរដ្ឋទើបគ្រប់អាយុ ១៨ឆ្នាំ មានចំនួន ជាង១សែន២ម៉ឺននាក់,ខណៈប្រជាពលរដ្ឋផ្លាស់ចូលថ្មីក្នុងឃុំ សង្កាត់ មានចំនួន ២៤.២៧៦នាក់ ប្រជាពលរដ្ឋដែលត្រូវចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ២២០.៥៥៣នាក់។នេះបើតាមការបញ្ជក់ពីសំណាក់ ឯកឧត្តម ហេង ស៊ីឡេង សមាជិក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)។

ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ស្តីពីសភាពការណ៍ទូទៅជុំវិញ ដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ នាព្រឹកថ្ងៃទី ០៩ ខែ ឧសភា ឆ្នាំ ២០២៥នេះ ឯកឧត្តម ហេង ស៊ីឡេង ឱ្យដឹងថា៖សម្រាប់ចំនួនអ្នកត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ៥៥.៩០៤នាក់ចំនួនឈ្មោះក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០២៤ មានចំនួន ៩.៩៩២.៤២១នាក់។ដោយឡែកចំពោះការិយាល័យបោះឆ្នោត មានចំនួនសរុប២៤.២៣១ការិយាល័យ។

ឯកឧត្តមមានប្រសាសន៍ថា ក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ ចាប់ពីថ្ងៃទី១ ដល់ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ នេះគឺមានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ៤៩.១៤៥នាក់,អ្នកដែលបានផ្ទេរទីលំនៅចូលថ្មីក្នុងឃុំ សង្កាត់ មានចំនួន ១៨.៦០៦នាក់,អ្នកដែលបានស្នើសុំកែតម្រូវទិន្នន័យជីវប្រវត្តិ មានចំនួន ២៣៧.៩៩០នាក់,អ្នកដែលបានមកធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ មានចំនួន ៤៣៤.៦៧៥នាក់,អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ៤៨.៧៣៩នាក់។

ឯកឧត្តម សមាជិក គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត បានថ្លែងថា៖ដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត បានប្រព្រឹត្តទៅដោយរលូន ,សម្រាប់កម្លាំងការពារមានចំនួនសរុប ១០.០៨៤នាក់ ក្នុងនោះគណៈបញ្ជាការ សន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បានរៀបចំកម្លាំងការពារ គោលដៅសំខាន់ៗ ពិសេសតាមការិយាល័យចុះឈ្មោះបោះឆ្នោត នៅតាមសាលាឃុំ សង្កាត់ និង នៅតាមភូមិមួយចំនួន ដោយប្រើកម្លាំងនគរបាលការពារចំនួន ២នាក់ ក្នុងមួយការិយាល័យ។

ជាមួយគ្នានេះ ឯកឧត្តមបានថ្លែងឱ្យដឹងដែរថាបើផ្អែកតាមរបាយការណ៍បណ្តោះអាសន្នដែលបានទទួលពីលេខាធិការដ្ឋានរាជធានី ខេត្ត រៀបចំការបោះឆ្នោតទាំង ២៥ រាជធានី ខេត្ត ចំនួនភ្នាក់ងារគណបក្សនយោបាយមានសរុបចំនួន ៣.៤៦៧នាក់ ក្នុងនោះស្រីមានចំនួន ១.១០២នាក់។សម្រាប់កាលបរិច្ឆេទនៃការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ ចាប់ផ្តើមពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ បញ្ចប់នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥។ក្រៅពីនេះគ.ជ.ប បានទទួលជាផ្លូវការអ្នកសង្កេតការណ៍បោះឆ្នោតជាតិ មកពីសមាគម និងអង្គការ មិនមែនរដ្ឋាភិបាល ចំនួន ១.៦៤៦នាក់ ។ ចំពោះអ្នកសង្កេតការណ៍ អន្តរជាតិពុំទាន់មានទេ។

គួរបញ្ជាក់ថា កាលបរិច្ឆេទនៃការទទួលចុះឈ្មោះអ្នកសង្កេតការណ៍បោះឆ្នោតជាតិ ចាប់ផ្តើមពីថ្ងៃទី១ ខែមេសា និងបញ្ចប់នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥។ ដោយឡែកអ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិ ចាប់ ផ្តើមពីថ្ងៃទី១ ខែមេសា បញ្ចប់នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។

គួរបញ្ជាក់ថាបើតាមឯកឧត្តម ហេង ស៊ីឡេង សមាជិក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)
ឱ្យដឹងថា៖បើគិតត្រឹមថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ នៅថ្នាក់ក្រុមប្រឹក្សាឃុំ សង្កាត់ ថ្នាក់ គ.ជ.ប និងក្រុមប្រឹក្សា- ធម្មនុញ្ញ ពុំបានទទួលពាក្យបណ្ដឹងណាមួយឡើយ។ដោយឡែកសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតក្នុងឃុំ សង្កាត់នីមួយៗ មានរយៈពេល ២៦ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី១ និងបិទបញ្ចប់នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥៕

អត្ថបទដែលជាប់ទាក់ទង