ឯកឧត្តមប្រធានាធិបតីទីម័រឡេស្តេ បំពាក់គ្រឿងឥស្សរិយយស Grand Collar of the Order of Timor-Leste (ឥស្សរិយយស កម្រិតខ្ពស់បំផុត) ជូន សម្ដេចតេជោ ហ៊ុន សែន
(ឌីលី)៖ ឯកឧត្ដម José Ramos-Horta ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ អញ្ជើញបំពាក់គ្រឿងឥស្សរិយយស Grand Collar of the Order of Timor-Leste ដែលជាឥស្សរិយយស កម្រិតខ្ពស់បំផុត និងក៏ជាការផ្តល់កិត្តិយសដ៏ធំធេងពីភាគីទីម័រឡេស្តេ ជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឡើងនៅវិមានប្រធានាធិបតីទីម័រឡេស្តេ នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥ ។
ការបំពាក់គ្រឿងឥស្សរិយយសជូន សម្ដេចតេជោ ប្រធានព្រឹទ្ធសភា ពីសំណាក់ប្រធានាធិបតី ក៏ដូចជារដ្ឋាភិបាលទីម័រឡេស្តេនាពេលនេះ គឺដើម្បីបង្ហាញនូវកិច្ចតបស្នងទៅនឹងគុណបំណាច់ និងវិភាគទាន ដ៏ធំធេងរបស់ សម្តេចតេជោ ក្នុងការជួយគាំទ្រដល់ទីម័រឡេស្តេជាង ពីរទសវត្សរ៍កន្លងមក ជាពិសេស ចំពោះការជំរុញទីម័រឡេស្ដេ ចូលជាសមាជិកពេញសិទ្ធិ របស់អាស៊ាន ៕