រដ្ឋមន្រ្តីក្រសួងទេសចរណ៍ផ្តល់អនុសាសន៍គន្លឺះមួយចំនួនដើម្បីរួមចំណែកដល់ការអភិវឌ្ឍស្ថិតិទេសចរណ៍

ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពីសូចនាករទេសចរណ៍ និងស្ថិតិទេសចរណ៍ ផ្លូវការ ឆ្នាំ២០២៤ កាលពីព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍​ផ្ដល់អនុសាសន៍​ណែនាំ​គន្លឹះ ចំនួន៦ ដើម្បីរួមចំណែក​ដល់​ការអភិវឌ្ឍ​ស្ថិតិទេសចរណ៍ ប្រកបដោយ គុណភាព ប្រសិទ្ធភាព ។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសរំលេចថា ការងារស្ថិតិមានភាពស្មុគស្មាញ និងមមាញឹក ណាស់ ដោយតម្រូវឱ្យធ្វើការងារ​ទាំងនៅ​ថ្ងៃចុងសប្តាហ៍, ថ្ងៃឈប់សម្រាក ពិសេស នៅពេលប្រារព្ធពិធីជាតិបុណ្យធំៗ ដែលតម្រូវឱ្យមានការបូកសរុប​ស្ថិតិទេសចរ​ឱ្យ បានត្រឹមត្រូវ ច្បាស់លាស់ ទាន់ពេលវេលា។

ដើម្បីរួមចំណែកដល់ការអភិវឌ្ឍស្ថិតិទេសចរណ៍ ប្រកបដោយគុណភាព ប្រសិទ្ធភាព ឯកឧត្តមរដ្ឋមន្ត្រី ផ្ដល់អនុសាសន៍​ណែនាំគន្លឹះចំនួន៦ ។ក្នុងនោះ ទី១. បន្តប្រមូល រៀបចំ ចងក្រងទិន្នន័យទេសចរណ៍ប្រកបដោយគុណភាព ដើម្បីឆ្លើយ​តបនឹងតម្រូវការរបស់អ្នកប្រើប្រាស់ស្ថិតិទូទៅ។ទី២. សិក្សាលទ្ធភាព ក្នុងការប្រើប្រាស់ការគ្រប់​គ្រងទិន្នន័យ​ទេសចរ​ណ៍​ក្នុងនោះមានទាំងភ្ញៀវទេសចរ, គោលដៅទេសចរណ៍ និងខ្សែច្រវាក់តម្លៃទេសចរណ៍ ដោយប្រើប្រាស់ថ្នាល​បច្ចេកវិទ្យា​ឌីជីថល និងការវិភាគទិន្នន័យដោយប្រើប្រាស់បច្ចេកវិទ្យាដូចជា Big Data និង AI។ទី៣. រៀបចំទិន្នន័យទេសចរណ៍​ឌីជីថល (Digital Tourism Database)។ទី៤. រៀបចំ និងចងក្រងគណនីរណបទេសចរណ៍ (Tourism Satellite Account, TSA) សម្រាប់បម្រើឱ្យការវាស់វែងនិរន្តរភាពទេសចរណ៍។ទី៥. ធ្វើឱ្យមានសុខដុមនីយកម្មក្នុង​ប្រព័ន្ធ​ស្ថិតិ​ទេសចរណ៍(Tourism Statistics Harmonization) ដោយរួមបញ្ចូលទស្សនទាននៃភាពច្នៃប្រឌិត និង នវានុវត្តភាព​ក្នុង​ការអភិវឌ្ឍស្ថិតិ ស្របតាមយុគសម័យបរិវត្តកម្មឌីជីថល ដើម្បីគាំទ្រគ្រប់ទិដ្ឋភាពទាំងអស់នៃការប្រមូល ការរៀបចំ ការចង​ក្រង ការវិភាគ ការថែរក្សា និងការផ្សព្វផ្សាយស្ថិតិនិងទី៦. ស្នើឱ្យ លោក លោកស្រី អភិបាលរង ខេត្តទទួលបន្ទុក​វិស័យ​ទេសចរណ៍ និងប្រធានមន្ទីរទេសចរណ៍រាជធានី ខេត្ត សូមយកចិត្តទុកដាក់ប្រមូលស្ថិតិភ្ញៀវទេសចរ ជាពិសេសនៅពេល​ពិធីបុណ្យ ជាតិធំៗ។

សូមជម្រាបថា សិក្ខាសាលាខាងលើមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង ទេសចរណ៍, តំណាងក្រសួង ស្ថាប័ន​ពាក់ព័ន្ធ (ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, វិទ្យាស្ថានជាតិស្ថិតិ, អគ្គនាយកដ្ឋានអន្តោប្រវេសន៍, ធនាគារជាតិនៃកម្ពុជា, ក្រុមប្រឹក្សា​ភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជា-CTB…), អភិបាលរងខេត្តទទួលបន្ទុកវិស័យទេសចរណ៍, ប្រធានមន្ទីរ​ទេសចរណ៍រាជធានី ខេត្ត ទាំង២៥, តំណាង , ឧកញ៉ា ប្រធានសហព័ន្ធទេសចរណ៍កម្ពុជា, តំណាង សមាគម​ទេសចរណ៍កម្ពុជា, តំណាងសមាគមសណ្ឋាគារកម្ពុជា, តំណាង សមាគមភោជនីយដ្ឋានកម្ពុជា លោក លោកស្រី សាស្ត្រា​ចារ្យ និស្សិត ព្រមទាំង ប្អូនៗអ្នកផលិតមាតិកាចំនួន ៣៥០នាក់ ។ សិក្ខាសាលាក្នុងគោលបំណងផ្សព្វផ្សាយ និងប្រកាសឱ្យប្រើប្រាស់នូវសូចនាករ ទេសចរណ៍ និងស្ថិតិទេសចរណ៍ផ្លូវការ ឆ្នាំ២០២៤៕

អត្ថបទដែលជាប់ទាក់ទង