យន្តហោះមានមនុស្សយ៉ាងតិច ២៤២នាក់ ធ្លាក់ ក្រោយហោះឡើង នៅ Ahmedabad របស់ឥណ្ឌា

បណ្តាញទូរទស្សន៍ បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ (ទី១២ ខែមិថុនា) នេះថា យន្តហោះ Boeing 787-8 របស់ក្រុមហ៊ុនអាកាសចរណ៍ Air India ដឹកមនុស្សយ៉ាងតិច ២៤២នាក់ បានធ្លាក់ភ្លាមៗ បន្ទាប់ពីហោះចេញពីអាកាសយានដ្ឋាន Ahmedabad។ ជើងហោះហើរនឹងធ្វើដំណើរទៅកាន់ទីក្រុងឡុងដ្រ៍ ប្រទេសអង់គ្លេស។ មានអ្នកដំណើរ ២៣២នាក់ និងបុគ្គលិកយន្តហោះ ១០នាក់ នៅលើនោះ។

ក្រុមហ៊ុនអាកាសចរណ៍នៅក្នុងសេចក្តីថ្លែងការណ៍មួយ បានឲ្យដឹងថា ជើងហោះហើរលេខ AI 171 បានជាប់ពាក់ព័ន្ធក្នុងឧបទ្ទវហេតុ នៅថ្ងៃនេះ។ តាមរូបភាព បានបង្ហាញពីកម្ទេចកម្ទីដែលឆេះ ដោយមានផ្សែងខ្មៅយ៉ាងក្រាស់ឃ្មឹកហុយឡើងទៅលើមេឃក្បែរអាកាសយានដ្ឋាននោះ។

ក្រុមហ៊ុនអាកាសចរណ៍ Air India បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «នៅពេលនេះ យើងកំពុងស្វែងរកព័ត៌មានលម្អិត ហើយនឹងចែករំលែកព័ត៌មានថ្មីៗបន្ថែមទៀត នាពេលឆាប់ៗ»។

សេចក្ដីរាយការណ៍ពីទូរទស្សន៍ក៏បានបង្ហាញពីទិដ្ឋភាពដែលមនុស្សត្រូវបានដឹកនៅក្នុងរទេះរុញ និងត្រូវបានយកចេញតាមរថយន្តសង្គ្រោះ។ យ៉ាងណាក្ដី នាពេលនេះ មិនទាន់មានសេចក្ដីរាយការណ៍ពីអ្នកស្លាប់ និងរបួសនៅឡើយទេ៕

អត្ថបទដែលជាប់ទាក់ទង