ក្រសួងប្រៃសណីយ៍ប្រគល់ពានរង្វាន់ជ័យលាភីការប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិលើកទី៤ ឆ្នាំ២០២៥

(ភ្នំពេញ)៖ ការប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិលើកទី៤ ឆ្នាំ២០២៥ក្រោមប្រធានបទ «ស្រមៃថាអ្នកគឺជាមហាសមុទ្រ ចូរសរសេរសំបុត្រទៅនរណាម្នាក់ដោយពន្យល់ពីមូលហេតុ និងរបៀបដែលពួកគេគួរថែរក្សាអ្នកឱ្យបានល្អ» រកឃើញជ័យលាភីចំនួន ៣រូប ក្នុងនោះ ជ័យលាភីលេខ១ សិស្សឈ្មោះ ប៉ូ មុនីណាតាលី មកពីសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ភ្នំពេញ ជ័យលាភីលេខ២ សិស្សឈ្មោះ ភោគ បុញ្ញតា មកពីសាលា បញ្ញាសាស្រ្តអន្តរជាតិ សាខាទី៣ ខេត្តកណ្តាលនិងជ័យលាភីលេខ៣ សិស្សឈ្មោះ ស្រឿង ស្រីគីម មកពីវិទ្យាល័យតាមាង ខេត្តកំពង់ចាម ។

ពិធីប្រគល់ជ័យលាភីនេះ ធ្វើឡើងនៅទីស្តីការក្រសួង កាលពីព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ឯក វណ្ណឌី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងដោយមានការអញ្ជើញចូលរួមពី មន្ត្រីរាជការនៃក្រសួង តំណាងប្រតិបត្តិករប្រៃសណីយ៍ លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស សរុបប្រមាណ ៣០០នាក់។

ឯកឧត្តម ឯក វណ្ណឌី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ព្រមទាំងលើកទឹកចិត្តដល់ក្មួយៗជ័យលាភីទាំងអស់ត្រូវខិតខំព្យាយាមរៀនសូត្របន្ថែមទៀត ដើម្បីឱ្យក្លាយជាសិស្សល្អ មិត្តល្អ កូនល្អ និងពលរដ្ឋល្អ ដែលជាទំពាំងស្នងឬស្សីនាពេលអនាគត។

ឯកឧត្តមរដ្ឋលេខាធិការ បន្តថា វិស័យប្រៃសណីយ៍ មានសក្តានុពលក្នុងការចូលរួមចំណែកដល់ការទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ និងការលើកកម្ពស់ជីវភាពប្រចាំថ្ងៃរបស់ប្រជាជននៅលើពិភពលោក ដោយបានដើរតួនាទីសំខាន់ក្នុងការទំនាក់ទំនងគ្នាទាំងក្នុងទីក្រុង និងជនបទ អស់ជាង ១៥០ឆ្នាំមកហើយ។ តាមរយៈការប្រកួតប្រជែងនេះ ឯកឧត្តមរដ្ឋលេខាធិការ មានសង្ឃឹមជឿជាក់ថា សិស្សានុសិស្សទាំងអស់ពិតជាបានយល់ដឹងពីវិស័យប្រៃសណីយ៍ និងបានទទួលចំណេះដឹង បទពិសោធល្អៗ ដែលជួយដល់ការបង្កើនសមត្ថភាព ការស្រាវជ្រាវ ការយល់ដឹង ទំនុកចិត្ត និងការសម្រេចជោគជ័យក្នុងការសិក្សា ក៏ដូចជាការប្រកួតប្រជែងដទៃទៀត ទាំងក្នុងប្រទេស និងអន្តរជាតិ។

ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់កិត្តិយសផ្តល់វិញ្ញាបនបត្រដល់សិស្សជ័យលាភី ព្រមទាំងប្រគល់រង្វាន់លើកទឹកចិត្ត រួមមាន៖

  • ជ័យលាភីលេខ១ សិស្សឈ្មោះ ប៉ូ មុនីណាតាលី ភេទស្រី មកពីសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ភ្នំពេញ ទទួលបាន មេដាយចំនួន១ សៀវភៅតែមប្រិ៍ចំនួន១ វិញ្ញាបនបត្រចំនួន១ កុំព្យូទ័រយួរដៃ ១ កាបូប១ ថវិកាចំនួន ៤,០០០,០០០ រៀល
  • ជ័យលាភីលេខ២ សិស្សឈ្មោះ ភោគ បុញ្ញតា ភេទស្រី មកពីសាលា បញ្ញាសាស្រ្តអន្តរជាតិ សាខាទី៣ ខេត្តកណ្តាល ទទួលបាន មេដាយចំនួន១ សៀវភៅតែមប្រិ៍ចំនួន១ វិញ្ញាបនបត្រចំនួន១ កុំព្យូទ័រយួរដៃ ១ កាបូប១ ថវិកាចំនួន ២,០០០,០០០ រៀល
  • ជ័យលាភីលេខ៣ សិស្សឈ្មោះ ស្រឿង ស្រីគីម ភេទស្រី មកពីវិទ្យាល័យតាមាង ខេត្តកំពង់ចាម ទទួលបាន មេដាយចំនួន១ សៀវភៅតែមប្រិ៍ចំនួន១ វិញ្ញាបនបត្រចំនួន១ កាបូប១ ថវិកាចំនួន ១,0០០,០០០ រៀល
  • និង ជ័យលាភី Top10 ទទួលបានវិញ្ញាបនបត្រ១ សៀវភៅតែមប្រិ៍ចំនួន១ កាបូប១ ថវិកាចំនួន ៥០០,០០០ រៀល។

គួរបញ្ជាក់ថា ការប្រកួតប្រជែងនេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់សមត្ថភាពគំនិតច្នៃប្រឌិតសិស្សានុសិស្សលើការស្រាវជ្រាវ ទេពកោសល្យក្នុងការសរសេរ ការវិភាគលើបញ្ហា ការដោះស្រាយបញ្ហា និងស្វែងរកដំណោះស្រាយលើការការពារបរិស្ថានសមុទ្រ ព្រមទាំងអាចស្វែងយល់ពីការប្រើប្រាស់សេវាបញ្ញើប្រៃសណីយ៍។សម្រាប់សំណេររបស់បេក្ខជនជ័យលាភីលេខ១ គណៈកម្មការបានជ្រើសរើសជាតំណាងរបស់កម្ពុជា និងបានផ្ញើទៅចូលរួមប្រកួតប្រជែងកម្រិតអន្តរជាតិ ដែលរៀបចំដោយសហភាពប្រៃសណីយ៍សកល (Universal Postal Union) ដែលមានការចូលរួមប្រកួតប្រជែងពីបណ្ដាប្រទេសសមាជិកចំនួន ១៩២ នៅលើពិភពលោក ហើយលទ្ធផលនៃការប្រកួតនឹងត្រូវប្រកាសនៅក្នុង ខែតុលា ឆ្នាំ២០២៥ ខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង