សម្ដេច ហ៊ុន ម៉ាណែត បញ្ជាឱ្យក្រសួង ស្ថាប័នផ្សេង ត្រៀមចេញវិធានការ បើរងការគំរាមកំហែងពីថៃ
ភ្នំពេញ៖ នៅយប់ថ្ងៃទី១២មិថុនា សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បញ្ជាឱ្យមន្ត្រីតាមក្រសួង និងស្ថាប័នផ្សេងទៀត ត្រៀមលក្ខណៈទុកជាមុន ក្នុងករណីរងការគំរាមកំហែងពីភាគីថៃ ខណៈដែលយប់នេះ សម្ដេចសម្រេចផ្ដាច់មិនទទួលការផ្គត់ផ្គង់អគ្គិសនី និងអ៊ីនធឺណិតពីថៃ។
ការសម្រេចបែបនេះ ដោយសារប្រមុខថ្នាក់ដឹកនាំកម្ពុជា សង្កេតឃើញ ថ្មីៗនេះ មានការចែកចាយព័ត៌មានតាមបណ្ដាញសង្គមជាច្រើននៅក្នុងប្រទេសថៃ ពាក់ព័ន្ធទៅនឹងការគំរាមពីសំណាក់ក្រុមជ្រុលនិយមមួយចំនួន ឱ្យកាត់ផ្តាច់ការផ្គត់ផ្គង់អគ្គិសនី និងអ៊ីនធឺណិត ដល់កម្ពុជា។
ដើម្បីឱ្យដាច់ស្រេច សម្ដេច ហ៊ុន ម៉ាណែត ប្រកាសបែបនេះ៖ «កុំឱ្យវែងឆ្ងាយ ឬបង្កការលំបាកសម្រាប់ភាគីថៃ ក្នុងការសម្រេចចិត្តកាត់ឬមិនកាត់ ឬកាត់ពេលណានោះ កម្ពុជាបានសម្រេចចិត្តធានាការផ្គត់ផ្គង់អគ្គិសនីនិងអ៊ីនធឺណិតដោយខ្លួនឯង ដោយមិនចាំបាច់ពឹងផ្អែកការទិញពីប្រទេសថៃទៀតទេ»។
ចាប់ពីម៉ោង ១២ យប់នេះ ក្រុមហ៊ុនបណ្ដាញខ្សែកាបអុបទិក ឬប្រតិបត្តិករអ៊ីនធឺណិតទាំងអស់នៅកម្ពុជា និងបញ្ចប់ការទិញអ៊ីនធឺណិត (Internet Bandwidth) ពីប្រទេសថៃ ដោយសារ កម្ពុជា មានលទ្ធភាពផ្គត់ផ្គង់ សេវាអ៊ីនធឺណិតគ្រប់គ្រាន់ដោយខ្លួនឯង។ ចំណែក សមត្ថភាព ផ្គត់ផ្គង់អគ្គិសនី កម្ពុជាក៏មានលទ្ធភាពផ្គត់ផ្គង់ដោយខ្លួនឯងដែរ។ នេះជាការអះអាងរបស់សម្ដេច ហ៊ុន ម៉ាណែត ក្រោយពីសម្ដេច ទទួលព័ត៌មានបានពីលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល។
ទន្ទឹមនឹងនេះ សម្ដេច ហ៊ុន ម៉ាណែត បានបញ្ជាឱ្យក្រសួង និងស្ថាប័នផ្សេងត្រៀមដូច្នេះ៖ «បន្ថែមលើក្រសួងពីរខាងលើ ខ្ញុំបានបញ្ជាឱ្យក្រសួងស្ថាប័នរបស់កម្ពុជា ពិនិត្យនិងត្រៀមលក្ខណៈជាយថាហេតុ ដើម្បីដាក់ចេញនូវវិធានការផ្សេងៗបន្ថែមទៀត ប្រសិនបើអ្នកមានការគំរាមកំហែងកាត់ផ្ដាច់អ្វីផ្សេងទៀតមកកម្ពុជាផងដែរ»។
ស្ថានភាពវិវាទកម្ពុជា-ថៃ កាន់តែក្ដៅ ពាក់ព័ន្ធនឹងបញ្ហាព្រំដែន ចាប់តាំងពីថ្ងៃផ្ទុះអាវុធ នៅថ្ងៃទី២៨ឧសភា ដែលបណ្ដាលឱ្យកងទ័ពកម្ពុជាម្នាក់ស្លាប់ ដោយសារភាគីថៃអ្នកផ្ដើមបាញ់មុន។ ករណីនេះ កម្ពុជាបានថ្កោលទោសយ៉ាងខ្លាំង។ ចំណែក ច្រកព្រំដែន ក៏ត្រូវបានបង្រួមម៉ោងចេញចូល ដោយភាគីថៃជាអ្នកផ្ដើមមុនទៀត៕