ព្រះអង្គម្ចាស់ Alwaleed bin Khaled bin Talal Al Saud បានសោយទិវង្គ បន្ទាប់ពីទ្រង់បានសន្លប់អស់រយៈពេលជិត ២០ឆ្នាំ
(បរទេស)៖ ព្រះអង្គម្ចាស់ Alwaleed bin Khaled bin Talal Al Saud ដែលត្រូវបានគេស្គាល់ថាជា «Sleeping Prince» របស់អារ៉ាប៊ីសាអូឌីត បានសោយទិវង្គតហើយក្នុងព្រះជន្ម ៣៦ ព្រះវស្សា កាលពីថ្ងៃសៅរ៍ ទី ១៩ ខែកក្កដា ឆ្នាំ ២០២៥ បន្ទាប់ពីទ្រង់បានសន្លប់អស់រយៈពេលជិត ២០ ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃចន្ទ ទី២១ ខែកក្កដា ឆ្នាំ២០២៥។
ព្រះអង្គម្ចាស់បានសន្លប់តាំងពីជួបគ្រោះថ្នាក់ចរាចរណ៍ដ៏ធ្ងន់ធ្ងរមួយនៅទីក្រុងឡុងដ៍ កាលពីឆ្នាំ ២០០៥ នៅពេលដែលព្រះអង្គមានព្រះជន្មត្រឹមតែ ១៥ ព្រះវស្សា។ គ្រោះថ្នាក់នោះបានបណ្តាលឲ្យព្រះអង្គរងរបួសខួរក្បាលធ្ងន់ធ្ងរ និងហូរឈាមខាងក្នុង។ ទោះបីជាបានទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់បំផុតពីអ្នកឯកទេសទូទាំងពិភពលោកក៏ដោយ ក៏ព្រះអង្គមិនអាចដឹងខ្លួនពេញលេញឡើងវិញបានឡើយ។ ព្រះអង្គនៅតែបន្តទទួលការជួយសង្គ្រោះពីម៉ាស៊ីននៅមន្ទីរពេទ្យ King Abdulaziz Medical City ក្នុងទីក្រុងរីយ៉ាដ។
ព្រះបិតារបស់ព្រះអង្គ គឺព្រះអង្គម្ចាស់ Khaled bin Talal Al Saud បានបដិសេធមិនដកព្រះអង្គចេញពីម៉ាស៊ីនជួយសង្គ្រោះឡើយ ដោយរក្សាក្តីសង្ឃឹមថា ព្រះអង្គនឹងអាចជាសះស្បើយឡើងវិញ ហើយបានមានបន្ទូលថា មានតែព្រះជាម្ចាស់ទេ ដែលជាអ្នកកំណត់ពេលវេលានៃការសោយទិវង្គត។ ប៉ុន្មានឆ្នាំកន្លងមក មានរបាយការណ៍ម្តងម្កាល និងវីដេអូបង្ហាញពីចលនាបន្តិចបន្តួច ដូចជាព្រះអង្គម្ចាស់លើកម្រាមដៃជាដើម ដែលបានរក្សាក្តីសង្ឃឹមរបស់ក្រុមគ្រួសារ។
ព័ត៌មាននៃការសោយទិវង្គតរបស់ព្រះអង្គត្រូវបានបញ្ជាក់ដោយព្រះបិតារបស់ព្រះអង្គកាលពីថ្ងៃសៅរ៍ ទី ១៩ ខែកក្កដា ឆ្នាំ ២០២៥ ហើយបានបណ្តាលឲ្យមានការសម្តែងការរំលែកទុក្ខជាច្រើនទូទាំងប្រទេសអារ៉ាប៊ីសាអូឌីត និងក្រៅប្រទេស៕