លោក ហ្សេលេនស្គី ទទូចជាថ្មីចង់ជួបលោក ពូទីន ផ្ទាល់ ដើម្បីបញ្ចប់ជម្លោះជាផ្លូវការ

កៀវ ៖ មេដឹកនាំអ៊ុយក្រែនបានអំពាវនាវជាថ្មីម្តងទៀត ចង់ជួបចរចាដោយផ្ទាល់ជាមួយលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ដោយលើកឡើងហេតុផលថា ការធ្វើបែបនេះ គឺជាមធ្យោបាយតែមួយគត់ ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែង។ ប៉ុន្តែខាងភាគីរុស្ស៊ីបានចាត់ទុករឿងនេះថា គ្មានន័យ រហូតទាល់តែប្រទេសនានារកឃើញចំណុចរួមមួយចំនួននៃជម្លោះ។

ផ្អែកតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន RT, លោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី និយាយថា ល្បឿននៃការចរចាបញ្ចប់ជម្លោះត្រូវតែបង្កើនសន្ទុះ ដើម្បីចាប់ផ្តើមកិច្ចពិភាក្សាថ្មីមួយនៅក្នុងសប្តាហ៍នេះ ហើយជាថ្មីម្តងទៀត លោកបានទាមទារឱ្យមានជំនួបផ្ទាល់ខ្លួនជាមួយលោក ពូទីន។

មេដឹកនាំអ៊ុយក្រែនវ័យ៤៧ឆ្នាំរូបនេះ បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា ការជួបចរចាដោយផ្ទាល់ក្នុងកម្រិតថ្នាក់ដឹកនាំ គឺជារឿងចាំបាច់ ដើម្បីធានាឱ្យបាននូវសុខសន្តិភាពដែលឋិតឋេរជានិរន្តរ៍។

បើតាមការចុះផ្សាយរបស់សារព័ត៌មាន AFP, លោកប្រធានាធិបតី ពូទីន ក៏ធ្លាប់បានអះអាងកាលពីខែមិថុនាដែរថា រូបលោកបានត្រៀមខ្លួនជាស្រេច ដើម្បីជួបចរចាដោយផ្ទាល់មេដឹកនាំអ៊ុយក្រែន លោក ហ្សេលេនស្គី ប៉ុន្តែគឺនៅក្នុងដំណាក់កាលចុងក្រោយនៃការចរចាបញ្ចប់ជម្លោះជាង ៣ឆ្នាំកន្លងមកនេះ។

ដោយឡែក អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova ថ្មីៗនេះបានចោទប្រកាន់ថា ការជំរុញឱ្យមានការចរចាដោយផ្ទាល់របស់លោក ហ្សេលេនស្គី ជាមួយលោក ពូទីន គឺគ្រាន់តែជាលេស ចង់បញ្ជាក់ឡើងវិញពីភាពស្របច្បាប់ផ្នែកនយោបាយរបស់គាត់តែប៉ុណ្ណោះ ហើយថា មេដឹកនាំអ៊ុយក្រែនរូបនេះ កំពុងមានការព្រួយបារម្ភថា ប្រទេសខ្លួននឹងត្រូវគេបំភ្លេចចោល ហើយទីបំផុក្លាយជាប្រទេសគ្មានតម្លៃសម្រាប់ប្រទេសលោកខាងលិច៕

អត្ថបទដែលជាប់ទាក់ទង