ឥណ្ឌានិងអាមេរិកសហការគ្នា បាញ់បង្ហោះផ្កាយរណបទំនើបបំផុតដើម្បីថតផែនដី

ផ្កាយរណបដ៏ទំនើបបំផុត​មួយ ត្រូវបាន​បាញ់ចេញពី​ភាគអាគ្នេយ៍ឥណ្ឌា​ កាលពីល្ងាចថ្ងៃពុធ ទី​៣០កក្កដា ដែល​ជាលទ្ធផល​នៃការ​​​សហការ​ផ្គុំនិងស្រាវជ្រាវ រវាង​​ទីភ្នាក់ងារ​អវកាស​អាមេរិក ជាមួយ​អង្គភាព​ស្រាវជ្រាវ​អវកាលឥណ្ឌា។​ ផ្កាយរណបពិសេសនេះ នឹងថតរូបភាព​លម្អិត​បំផុត ដើម្បីតាមដានដំណើរវិវឌ្ឍន៍ប្រែប្រួល​ ​របស់ផ្ទៃផែនដីទាំងមូលតែម្តង​។ ការតាមដានលម្អិតជាប្រចាំ ដែលអាចអនុញ្ញាត​ឲ្យអ្នកវិទ្យាសាស្ត្រព្យាករណ៍​ដឹងមុន អំពីហានិភ័យ​គ្រោះមហន្តរាយនានា​។

យាន​ដែលដឹកផ្កាយរណប Nisar យកទៅដាក់នៅកំពស់ ៧៤៧គីឡូម៉ែត្រ ពីផែនដី ដើម្បីថតផ្ទៃផែនដី​ជាប្រចាំ។ បេសកកម្មសហការគ្នា រវាង NASA និង ISRO ។ ស្ថានីយ៍អវកាស Satish Dhawan ភាគអាគ្នេយ៍ឥណ្ឌា ថ្ងៃទី​៣០កក្កដា​២០២៥ AP

ផ្ការណបទំនើបថ្មីមួយ ឈ្មោះ Nisar ត្រូវបាន​បាញ់បង្ហោះ​ចេញពីស្ថានីយ៍​អវកាស​ Satish Dhawan រដ្ឋអានដ្រាប្រាដេស ភាគអាគ្នេយ៍ឥណ្ឌា កាលពីថ្ងៃពុធទី​៣០​កក្កដា វេលាម៉ោង​៥និង​៤០នាទីល្ងាច។ អ្នកវិទ្យាសាស្ត្រ​ក៏ដូច​ជា​​ប្រជាជនឥណ្ឌា បានតាមដាន​ការបាញ់​បង្ហោះនេះ ដោយ​ក្តីមោទនៈជាទីបំផុត​។

សូមបញ្ជាក់ថា ផ្កាយរណប Nisar គឺជាលទ្ធផលសហការគ្នា រវាងទីភ្នាក់ងារអវកាសអាមេរិក​ NASA និង​អង្គភាព​ស្រាវជ្រាវអវកាស​ឥណ្ឌា ISRO ដោយបែងចែកបន្ទុកការងារគ្នា ផលិត​​គ្រឿងផ្សំ​​យកមកផ្គុំចេញជាផ្កាយរណបដ៏ពិសេសនេះ​។ ទីភ្នាក់ងារអវកាសអាមេរិក បានចូលរួមចំណាយ​ប្រាក់ចំនួន ១២០០លានដុល្លារ ចំណែកភាគីឥណ្ឌាវិញ ចំណាយចំនួន​៩០លានដុល្លារ​។

លោកស្រី Karen St-Germain ប្រធាន​នាយកវិទ្យាសាស្ត្រផែនដី នៅទីភ្នាក់ងារ NASA បាន​ពន្យល់ថា ផ្កាយរណប Nisar បំពាក់ទៅដោយ​អង់តែន​ប៉ារ៉ាបូលីក ប្រវែង​១២ម៉ែត្រ និងមាន​បេសកកម្ម​ ថតរូបភាព​យ៉ាងលម្អិតជាទីបំផុតនៅលើផ្ទៃជុំវិញ​របស់ផែនដីទាំងមូល។ កម្មវត្ថុ​នៃបេសកកម្មនេះ គឺ​តាមដាន​ពិនិត្យ​នូវរាល់ការផ្លាស់ប្តូរ ការវិវឌ្ឍន៍​ប្រែរូបរាង្គរបស់ផែនដី​។

ការប្រែប្រួលខ្លះត្រូវការពេលវេលាយូរ យឺតៗ ឯការប្រែប្រួលខ្លះទៀតគឺលឿនរហ័ស និង​មានទំហំ​តិចឬច្រើន​មិនដូចគ្នាទេ​។ ស្ថិតនៅកំពស់ ៧៤៧គីឡូម៉ែត្រ​ពីផែនដី ផ្កាយរណប Nisar និងថត​ផ្ទៃផែនដីទាំងមូល ២ដងនៅរៀងរាល់​១២ថ្ងៃ អ្នកជំនាញអាមេរិក​​រូប​នេះ បាន​អះអាងថា ទោះបីមានកម្រិត​​ប្រែប្រួលត្រឹមតែប៉ុន្មានសង់ទីម៉ែត្រក៏ដោយ ក៏ផ្កាយរណប នេះ​អាចថតបានដែរ។ ដូច្នេះអ្នកវិទ្យាសាស្ត្រ អាចព្យាករណ៍ សន្និដ្ឋាន​ដឹងមុនកាន់តែច្បាស់ អំពីសញ្ញាណ​គ្រោះមហន្តរាយទាំងឡាយ ដូចជាគ្រោះរញ្ជួយដី បាក់រមៀលដី ផ្ទុះភ្នំភ្លើង ឬក៏​ការប្រេះបាក់បែក​សំណង់ហេដ្ឋារចនាសម្ព័ន្ធធំដូចជាទំនប់​ទឹក និង​ស្ពានថែមជាដើម​​។​

មិនត្រឹមប៉ុណ្ណោះទេ ផ្កាយរណប Nisar អាច​ថតលម្អិតអំពីផ្ទៃផ្ទាំងទឹកកក កម្រិតរលាយ​ទឹក​កក និង​សភាពប៉ោងរបស់ផ្ទៃដីនៅ​តំបន់ប៉ូល ព្រមទាំង​ភ្លើងឆេះព្រៃផងដែរ​។ លោកស្រី​បញ្ជាក់ថា ប្រព័ន្ធរ៉ាដាបំពាក់​លើផ្កាយរណបនេះ គឺទំនើបនិងពិសេសបំផុត ដែលអាមេរិក​មិនធ្លាប់​បានស្ថាបនាពីមុនមកទេ​។

ដោយឡែកភាគី​ឥណ្ឌាវិញ បានចូលរួម​នៅក្នុងបេសកកម្មនេះ ដើម្បី​ស្រាវជ្រាវនិងតាមដាន​លម្អិត អំពី​ការប្រែប្រួលនៅតាមតំបន់ឆ្នេររបស់ខ្លួ។ បន្ថែមពីនេះ តួលេខប្រមូលបានពីផ្កាយ​រណបនេះ នឹង​អនុញ្ញាត​ឲ្យ​ឥណ្ឌាអាចដាក់ចុះនូវ​គោលនយោបាយ​កសិកម្ម​ ដែលឆ្លើយតប​ទៅ​នឹងភាពជាក់ស្តែង តាម​រយៈរូបថតលម្អិតតាមដានសុខភាពដំណាំ និង​តាមដាន​សំ​ណើម​របស់ដីជាដើម​។

គួរកត់សំគាល់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ឥណ្ឌាបានប្រឹងប្រែងចំណាយ​ប្រាក់ច្រើននៅ​ក្នុងកម្មវិធីស្រាវជ្រាវអវកាស។ កាលពីឆ្នាំ​២០១៤ ឥណ្ឌាបាន​បាញ់បង្ហោះបានជោគជ័យ​នូវ​ឧបករណ៍ស្ទង់​ទិន្នន័យ​មួយ ដាក់បណ្តែតនៅខ្សែ​គន្លងរបស់ភពព្រះអង្គារ​។ ហើយកាល​ពីឆ្នាំ​២០២៣ ឥណ្ឌាបានចុះចតយានរ៉ូបូនៅលើព្រះចន្ទបានជោគជ័យដែរ។

អ្នកអវកាលឥណ្ឌា​ដំបូងគេឈ្មោះ Shubhanshu Shukla បាន​ឡើងទៅ​បំពេញ​បេសកកម្មនៅស្ថានីយអវកាសអន្តរជាតិ ISS ដែលជាដំណាក់កាលចាប់​ផ្តើម​ដ៏សំខាន់ ព្រោះ​​ឥណ្ឌាចង់​បញ្ជូន​មនុស្ស​ទៅអ​វកាសដោយ​ខ្លួ​នឯង នៅរវាង​ឆ្នាំ​២០២៧​៕

អត្ថបទដែលជាប់ទាក់ទង