អាមេរិក ស្វាគមន៍លទ្ធផលកិច្ចប្រជុំ GBC ដែលជាជំហានដំបូងដ៏ល្អក្នុងការរៀបចំបទឈប់បាញ់ និងជាផ្លូវទៅរកសន្តិភាពសាឡើងវិញ
(ភ្នំពេញ)៖ សហរដ្ឋអាមេរិចស្វាគមន៍លទ្ធផលសម្រេចបានក្នុងកិច្ចប្រជុំ (GBC) និងរក្សាជំហរនៅតែបន្តតាមដានការអនុវត្តបទឈប់បាញ់រហូតដល់មានសន្តិភាពពេញលេញរវាងកម្ពុជា-ថៃ ។
យោងតាម អ្នកនាំពាក្យរងក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Tommy Pigott នៅលើ Page Facebook ផ្លូវការក្រសួងការបរទេសអាមេរិក U.S. Department of State នៅថ្ងៃទី០៨ សីហា ២០២៥នេះ លោកបានលើកឡើងថា៖ “សហរដ្ឋអាមេរិកស្វាគមន៍លទ្ធផលសម្រេចបានក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅទីក្រុងគូឡាឡាំពួ ដែលនេះជាជំហានដំបូងប្រកបដោយភាពស្ថាបនាក្នុងការរៀបចំបទឈប់បាញ់កម្ពុជា-ថៃ។
នៅជាមួយគ្នានោះ លោកប្រធានាធិបតី Donald Trump និងរដ្ឋមន្រ្តីការបរទេសហរដ្ឋអាមេរិក លោក Marco Rubio ក៏បានអំពាវនាវឱ្យរដ្ឋាភិបាលទាំងពីរឲ្យគោរពការប្តេជ្ញាចិត្ត និងបន្តសន្តិភាពយូរអង្វែងសម្រាប់ប្រទេសទាំងពីរ” និងដោយរំពឹងថា រដ្ឋាភិបាលនៃប្រទេសកម្ពុជា និងប្រទេសថៃ នឹងគោរពយ៉ាងពេញលេញនូវការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការបញ្ចប់ជម្លោះនេះ។
លោក Donald Trump និងលោក Marco Rubio បានថ្លែងថា« យើងទន្ទឹងរង់ចាំការគាំទ្រដល់ប្រទេសម៉ាឡេស៊ី អាស៊ាន និងប្រទេសទាំងពីរ នៅពេលដែលដំណើរការនេះឈានទៅមុខ។»
សូមជម្រាបថា កិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី មានភាពវិវឌ្ឍន៍ថ្មីៗប្រកបដោយវិជ្ជមាន បានលេចចេញជាបន្តបន្ទាប់ ដែលជាសញ្ញានៃក្តីសង្ឃឹមថា សន្តិភាពនៅតាមព្រំដែនរវាងកម្ពុជា-ថៃ កំពុងចាប់ផ្តើមយ៉ាងច្បាស់លាស់ ។
ជាលទ្ធផលនៃការចរចាដ៏សំខាន់រវាងទាំងពីរ ដោយមានការចូលរួមសង្កេតការណ៍ពីប្រទេសម៉ាឡេស៊ី ដែលជាប្រធានអាស៊ាន, ពីសហរដ្ឋអាមេរិក និងពីសាធារណរដ្ឋប្រជាមានិតចិន កិច្ចព្រមព្រៀងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) ត្រូវគេមើលឃើញថា គឺមិនត្រឹមតែជាការព្រមព្រៀងឈប់បាញ់ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែជាការបង្កើតនូវយន្តការច្បាស់លាស់សម្រាប់អនុវត្តការត្រួតពិនិត្យ និងការការពារពីអំពើបំពានឡើងវិញផងដែរ ដែលជាការប្តេជ្ញារួមក្នុងការរក្សាសន្តិភាព ជួយបន្ថយភាពតានតឹង និងបង្កើតលក្ខខណ្ឌដ៏សមស្របសម្រាប់ដំណោះស្រាយយូរអង្វែងរវាងកម្ពុជា-ថៃ ៕

