លោក ឃួង ស្រេង៖ បញ្ហាសន្តិសុខ សុវត្ថិភាព វាជារឿងសំខាន់សំរាប់មនុស្សគ្រប់រូប ដូច្នេះអាជ្ញាធរខណ្ឌ ត្រូវបន្តរក្សាសន្តិសុខ ឱ្យកាន់តែល្អបន្ថែមទៀត ក្នុងការលុបបំបាត់ក្មេងទំនើងឱ្យអស់ពីក្នុងមូលដ្ឋាន

(ភ្នំពេញ)៖ លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ បានណែនាំឱ្យអាជ្ញាធរ និងកងកម្លាំងចំណុះឱ្យគណៈបញ្ជាការឯកភាពខណ្ឌ បន្តរក្សាសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋឱ្យកាន់តែល្អថែមទៀត ជាមួយនិងការលុបបំបាត់ក្មេងទំនើង នៅក្នុងមូលដ្ឋាន ដើម្បីជាជំនឿទុកចិត្តពីភ្ញៀវជាតិ អន្តរជាតិ បានមកទេសចរណ៍នៅស្រុកយើងកាន់តែច្រើនថែមទៀត។

ការណែនាំរបស់លោក ឃួង ស្រេង បែបនេះ បានធ្វើឡើងនាវេលាម៉ោង ៥៖៣០នាទីល្ងាច ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥នេះ ក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខណ្ឌដូនពេញ ដោយមានការចូលរួមពីលោក ជា ខេមា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌដូនពេញ។

លោក ឃួង ស្រេង បានលើកឡើងថា បញ្ហាសន្តិសុខ សុវត្ថិភាព វាជារឿងសំខាន់សំរាប់មនុស្សគ្រប់រូប ដូច្នេះលោកស្នើឱ្យអាជ្ញាធរ និងកងកម្លាំងចំណុះឱ្យគណៈបញ្ជាការឯកភាពខណ្ឌ បន្តរក្សាសន្តិសុខ ឱ្យកាន់តែល្អបន្ថែមទៀត ជាមួយនិងការលុបបំបាត់ក្មេងទំនើងឱ្យអស់ពីក្នុងមូលដ្ឋាន។ ដោយសារតែ នៅរាជធានីភ្នំពេញ មានសន្តិសុខ សុវត្ថិភាពល្អប្រសើរនេះហើយ ទើបបានធ្វើឱ្យផ្លូវថ្មើរជើងចតុមុខ (Walk Street) ទទួលបានការពេញនិយម ពីភ្ញៀវជាតិ និងអន្តរជាតិមកដើរលេងកំសាន្តយ៉ាងច្រើនកុះករ។

លោក ឃួង ស្រេង បានបន្តទៀតថា ចាប់ពីថ្ងៃទី២៤ ដល់ ២៨ កក្កដា កន្លងមកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងបន្តមកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី មិនបានសម្រាក ឬសំរានទេ គឺនៅទ្រោលស្ថានការណ៍ដល់កងទ័ពជួរមុខ និងរិះរកគ្រប់មធ្យោបាយ ដើម្បីឈានទៅបញ្ចប់សង្រ្កាមជាមួយចោរឈ្លានពានថៃ។

លោក ឃួង ស្រេង បានបញ្ជាក់ច្បាស់ថា ក្នុងការប៉ះទង្គិចគ្នារយៈពេល៥ថ្ងៃ ជាមួយទាហានឈ្លានពានថៃ បើទោះបីកម្ពុជាយើង មានពលរដ្ឋតិចជាងថៃ ទាំងកំលាំងទ័ព ទាំងអាវុធ និងសេដ្ឋកិច្ចមិនទាន់ខ្លាំងយ៉ាងណាក៏ដោយ តែកងទ័ពកម្ពុជាយើង មានទឹកចិត្តយ៉ាងមុះមុត អង់អាចក្លាហាន ដោយឈរការពារបូរណភាពទឹកដីរបស់យើង បានយ៉ាងរឹងមាំ មិនបានបាត់បង់ឡើយ។ ភាពអង់អាចក្លាហានរបស់កងទ័ពជួរមុខ គឺបានកើតឡើង ដោយបងប្អូនប្រជាពលរដ្ឋជួរក្រោយរួមគ្នាជាធ្លុងមួយ ជួយដល់កង់ទ័ពជួរមុខជាការលើកទឹកចិត្ត តាមរយៈការផ្តល់ជំនួយយ៉ាងច្រើនសន្ធឹកសន្ធាប់ទៅជួរមុខ គឺស្មារតីជាតិខ្មែរតែមួយ។ ដូច្នេះសូមអរគុណជាពិសេសប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ដែលកន្លងមកបានបរិច្ចាគធនធានផ្ទាល់ខ្លួន។

លោក ឃួង ស្រេង បានបន្តទៀតថា គណបក្សប្រជាជនកម្ពុជា មានថ្នាក់ដឹកនាំដ៏ឆ្នើមនោះ គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងបន្តមកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ។ ប្រទេសជាតិ មិនទាន់មានសង្ក្រាម មិនទាន់ដឹងច្បាស់ទេ តែនៅពេលប្រទេសមានសង្គ្រាមជាមួយថៃ ទើបដឹងច្បាស់ថា ប្រទេសកម្ពុជាយើង មិនអាចខ្វះបានសម្តេចទាំងទ្វេរ ជាដាច់ខាត់ «សម្ដេចតេជោ និងសម្ដេចធិបតី»។

លោក ឃួង ស្រេង បញ្ជាក់ទៀតថា ដើម្បីឱ្យកម្ពុជាសម្រេចបាននូវចក្ខុវិស័យ ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ យើងត្រូវពង្រឹងខ្លួនឯងឱ្យបានរឹងមាំ ដោយចោរឈ្លានពានសៀម វាមិនចង់ឱ្យយើងដើរទៅដល់ចំណុចនេះទេ សមាជិក សមាជិកាយើងទាំងអស់ ត្រូវដឹងឱ្យច្បាស់ពីរឿងនេះ។

លោក ឃួង ស្រេង ក៏បានថ្លែងនូវការអរគុណចំពោះគណបក្សខណ្ឌ សង្កាត់ ដែលបានរួមចំណែក ធ្វើឱ្យគ្រប់នៃការបោះឆ្នោតទទួលជ័យជំនះ ។ ជាក់ស្តែង នៅឆ្នាំ២០២២, ២០២៣, ការបោះឆ្នោតព្រឹទ្ធសភា និងការបោះឆ្នោតក្រុមប្រឹក្សាខណ្ឌ រាជធានី គណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជំនះ រហូតផ្លូកទឹកផ្លូកដី។

ក្នុងឱកាសនោះ ប្រធានភូមិ និងលោកចៅសង្កាត់ផ្សារថ្មីទី១ បានរាយការណ៍ពីសមិទ្ធផលការងារ និងកិច្ចការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ជាមួយនិងការលើកឡើងពីបញ្ហាប្រឈមមួយចំនួនផងដែរ ដើម្បីរកគន្លឹះក្នុងការដោះស្រាយ ឈានទៅយកជ័យជំនះ ក្នុងការបោះឆ្នោត នាឆ្នាំ២០២៧-២០២៨ ខាងមុខនេះ។

លោកចៅសង្កាត់ផ្សារថ្មីទី១ បានលើកឡើងថា៖ នៅសង្កាត់ផ្សារថ្មីទី១ មិនមានចលនាបក្សប្រឆាំងនោះទេ គឺមានតែក្នុងបណ្តាញសង្គមប៉ុណ្ណោះ។ ជាទិសដៅ របស់គណបក្សសង្កាត់ផ្សារថ្មីទី១ គឺខិតខំបំពេញចំណុចខ្វះខាត ចលនាបក្សផ្សេងៗ ឱ្យចូលមករួមរស់ជាមួយបក្សប្រជាជនកម្ពុជា បន្តការពារសន្តិសុខ សុវត្ថិភាព និងបន្តការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អជាងមុនថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង