អ្នកនាំពាក្យក្រសួងការពារជាតិ បន្តអំពាវនាវឱ្យភាគីថៃដោះលែងកងទ័ពកម្ពុជា ១៨រូប ដោយគ្មានលក្ខខណ្ឌ
ភ្នំពេញ៖អ្នកនាំពាក្យក្រសួងការពារជាតិលោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបញ្ជាក់ថា កងកម្លាំងរបស់កម្ពុជាបាននិងកំពុងគោរពយ៉ាងម៉ឺងម៉ាត់ និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ ដែលសម្រេចបាននៅម៉ោង២៤ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងគោលការណ៍ឯកភាពទាំង១៣ចំណុច ដែលបានឯកភាពគ្នាកាលពីថ្ងៃទី៧ ខែសីហានៅក្នុងកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅ(GBC) នៅប្រទេសម៉ាឡេស៊ី ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃស្តីពីការអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ នៅវេលាថ្ងៃត្រង់ទី១៨ ខែ សីហានេះ អ្នកនាំពាក្យក្រសួងការពារជាតិបានបញ្ជាក់ថា ដោយអនុវត្តនូវកិច្ចព្រមព្រៀងខាងលើ សូមអំពាវនាវដល់ភាគីថៃ ប្រគល់មកឱ្យកម្ពុជាវិញនូវទាហានកម្ពុជាទាំង ១៨រូបឱ្យបានឆាប់ ដោយគ្មានលក្ខខណ្ឌ ខណៈក្រុមគ្រួសាររបស់ពួកគេកំពុងរង់ចាំទាំងយប់ទាំងថ្ងៃ ។អ្នកនាំពាក្យដដែលបន្ថែមថា គិតមកដល់ថ្ងៃទី១៨ ខែសីហា គឺមានរយៈពេល២០ថ្ងៃហើយ ដែលកងទ័ពកម្ពុជា ត្រូវបានភាគីថៃ ចាប់ខ្លួនដោយខុសច្បាប់ ខណៈកំពុងអនុវត្តនូវកិច្ចព្រមព្រៀងបទឈប់បាញ់ ហើយរហូតមកដល់ពេលនេះពុំទាន់មានពន្លឺណាមួយបញ្ជាក់ថា ថៃ នឹងធ្វើការដោះលែងមកកម្ពុជាវិញនោះទេ បើទោះបីជារាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា សហគមន៍អន្តរជាតិបានអំពាវនាវយ៉ាងទទូចឱ្យថៃដោះលែងពួកគេឱ្យបានឆាប់ ស្របទៅតាមច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងណាក៏ដោយ ៕