លោក ដូណាល់ ត្រាំ ថាមេដឹកនាំអឺរ៉ុបមួយចំនួន នឹងធ្វើដំណើរមកកាន់សហរដ្ឋអាមេរិកក្នុងសប្តាហ៍នេះ ដើម្បីជជែកអំពីសង្រ្គាមរុស្ស៉ី-អ៊ុយក្រែន

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃអាទិត្យកន្លងទៅ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឱ្យដឹងថា នៅថ្ងៃចន្ទឬថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅអាមេរិក) មេដឹកនាំអឺរ៉ុបមួយចំនួន នឹងបំពេញទស្សនកិច្ចមកកាន់សហរដ្ឋអាមេរិក ដើម្បីពិភាក្សាអំពីមធ្យោបាយដោះស្រាយ បញ្ហាសង្រ្គាមរវាងរុស្ស៉ីនិងអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី៨ ខែកញ្ញា ឆ្នាំ២០២៥។

លោក ត្រាំ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា មេដឹកនាំអឺរ៉ុបមួយចំនួន នឹងធ្វើដំណើរមកអាមេរិក ក្នុងលក្ខណៈដាច់ដោយឡែកពីគ្នា ខណៈលោកមិនបាននិយាយឱ្យច្បាស់ថា នរណាខ្លះនោះទេ។ លោក ត្រាំ ក៏បានឱ្យដឹងថា រូបលោកនឹងសន្ទនាតាមទូរសព្ទជាមួយ​ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ក្នុងពេលឆាប់ៗ។

ជាចុងក្រោយ លោកប្រធានាធិបតីអាមេរិក បានបន្ថែមថា លោកមិនពេញចិត្តសោះឡើយ ចំពោះស្ថានភាពនៃសង្រ្គាមរុស្ស៉ី-អ៊ុយក្រែន នាពេលនេះ បន្ទាប់ពីត្រូវអ្នកកាសែតសាកសួរ អំពីការវាយប្រហារទ្រង់ទ្រាយធំរបស់រុស្ស៉ីតាមផ្លូវអាកាសលើអ៊ុយក្រែន កាលពីវេលាយប់មុននោះ ដែលខាងក្រុមមន្រ្តីអ៊ុយក្រែនអះអាង បានធ្វើឱ្យអគាររដ្ឋាភិបាលនៅទីក្រុងរងកៀវ រងការឆាបឆេះ។ ទោះជាបែបនេះក្តី លោក ត្រាំ បានបង្ហាញភាពជឿជាក់ជាថ្មីម្តងទៀតថា សង្រ្គាមនឹងបញ្ចប់ទៅវិញក្នុងពេលឆាប់ៗខាងមុខមិនខាន៕

អត្ថបទដែលជាប់ទាក់ទង