ជនស៉ីវិលមួយក្រុមបាញ់បោះជាច្រើនគ្រាប់ នៅស្រុកចិត្របុរី ខេត្តក្រចេះ និងដេញចាប់គោយន្ដកន្ដ្រៃដឹកឈើគ្រឿងផ្ទះ ហើយវាយខ្នោះម្ចាស់គោយន្ត, សមត្ថកិច្ចកំពុងស្រាវជ្រាវ
(ក្រចេះ)៖ សមត្ថកិច្ចខេត្តក្រចេះ កំពុងធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាក្រុមជនស៊ីវិលមួយក្រុម ដែលបានធ្វើសកម្មភាពបាញ់បោះជាច្រើនគ្រាប់ នៅក្នុងករណីដេញចាប់ឃាត់គោយន្តកន្ត្រៃឈើគ្រឿងផ្ទះ និងចាប់វាយខ្នោះម្ចាស់ គោយន្តកន្ត្រៃម្នាក់។
ហេតុការណ៍នេះ បានកើតឡើងនៅចំណុចស្គរ ស្ថិតនៅក្នុងភូមិចម្រើនឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ ខណៈដែលម្ចាស់គោយន្តកន្ត្រៃចំនួនពីរនាក់ បានបើកបរដឹកឈើគ្រឿងផ្ទះប្រមាណជាង ២០កន្ទុយ ពីចំណុចសណ្ដាយ មកកាន់ភូមិអញ្ចាញ ឃុំដា ស្រុកចិត្របុរី ខេត្តក្រចេះ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅទីតាំងកើតហេតុបានឲ្យដឹងថា នៅពេលកើតហេតុវេលាម៉ោង ១១៖០០យប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥នេះ ពួកគាត់ឮសូរគ្រាប់កាំភ្លើងផ្ទុះជាច្រើនគ្រាប់ ប៉ុន្តែមិនដឹងជាករណីអីនោះទេ លុះដល់សភាពស្ងប់ស្ងាត់បន្តិចពួកគាត់ ក៏ចេញមើលឃើញមានមនុស្សចំនួន៤-៥នាក់ ដែលមានរថយន្ត Lexus470 មួយគ្រឿង និងរថយន្ត Lexus 300 ពណ៌សមួយគ្រឿង តែពួកហ៊ានចេញទៅមើលទេ។
ដោយឡែកប្រភពពីក្រុមជនរងគ្រោះ បានឲ្យដឹងថា ពួកបានដឹកឈើជាង ២០កន្ទុយពីចំណុចទីតាំងខាងលើ ដើម្បីយកទៅធ្វើផ្ទះ ប៉ុន្តែមកដល់ចំណុចទីតាំងកើតហេតុ ក្រុមបក្ខពួកជនស៊ីវិលមួយក្រុមជិះរថយន្តម៉ាក lexus 470 ពណ៌ស្ក មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ2F-9979 និងរថយន្ត Lexus 300 ពណ៌ស មួយគ្រឿងទៀតបានធ្វើសកម្មភាព ដេញតាមគោយន្តកន្ត្រៃរបស់ខ្លួន។
ប្រភពបន្តថា ខណៈពួកគេដេញតាមក៏បានដកកាំភ្លើងខ្លីមួយដើម និងកាំភ្លើងវែងមួយដើមទៀត ធ្វើសកម្មភាពបាញ់មកលើគោយន្តកន្ត្រៃរបស់ពួកគាត់កំពុងតែធ្វើដំណើរនោះ និងស្រែកបញ្ជាឲ្យឈប់ ប៉ុន្តែដោយសារពួកគាត់មានការ ភិតភ័យក៏ខំប្រឹងបើកគោយន្តកន្ត្រៃរបស់ខ្លួន បន្តដំណើរទៅមុខក៏ត្រូវបានក្រុមជនទាំងនោះបើករថយន្តមកកាក់ពីមុខ ធ្វើឲ្យគោយន្តកន្ត្រៃគេចក្រឡាប់ នៅចំណុចទីតាំងកើតហេតុខាងលើ ហើយក៏បានរត់គេចខ្លួនម្នាក់ និងម្នាក់ទៀត ក៏ត្រូវបានក្រុមជនស៊ីវិលនោះចាប់វាយនឹងកាំភ្លើងហើយជាន់ក៏វាយខ្នោះ ចាប់ពីម៉ោង១១៖០០ យប់រហូតដល់ម៉ោង ២រំលងអធ្រាត្រ ទើបដោះលែងខ្នោះចេញពីដៃ និងបញ្ជាឲ្យបើកគោយន្តកន្ត្រៃនោះ ទៅដាក់នៅទីតាំងស្នាក់ការរដ្ឋបាលព្រៃឈើរួច ក៏បានដោះលែងឲ្យត្រឡប់ទៅនៅឋានវិញនៅពេលទៀបភ្លឺ។
ជាក់ស្ដែងនៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ កម្លាំងអធិការដ្ឋាននគរបាលស្រុកចិត្របុរី និងកម្លាំងអាវុធហត្ថស្រុក និងប៉ុស្តិ៍រដ្ឋបាលមូលដ្ឋាន ក៏បានចុះទៅធ្វើការស៊ើបអង្កេតស្រាវជ្រាវពិនិត្យ នៅលើទីចំណុចទីតាំងកើតហេតុ ក៏រកឃើញសំបកកន្ទុះគ្រាប់កាំភ្លើង។ បច្ចុប្បន្នកម្លាំងសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាក្រុមជនស៊ីវិលទាំងនោះ ដើម្បីចាត់ការតាមផ្លូវច្បាប់៕