ប៉ូលិសនៅទីម័រខាងកើត ប្រើឧស្ម័នបង្ហូរទឹកភ្នែកបង្រ្កាបក្រុមបាតុករ ខណៈការតវ៉ាឈានចូលថ្ងៃទី២ ប្រឆាំងផែនការទិញរថយន្តថ្មីរាប់សិបគ្រឿង ឱ្យតំណាងរាស្រ្ត

(ឌីលី)៖ នាថ្ងៃអង្គារ ទី១៦ ខែកញ្ញា ប៉ូលិសនៅប្រទេសទីម័រខាងកើត បានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបង្រ្កាបក្រុមបាតុករ ដែលបានប្រមូលផ្តុំគ្នាធ្វើការតវ៉ារយៈពេល២ថ្ងៃមកហើយ ប្រឆាំងផែនការទិញរថយន្តផ្លូវការថ្មីៗរាប់សិបគ្រឿង សម្រាប់សមាជិកសភា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

មនុស្សសរុបប្រហែលជាង២០០០នាក់ ភាគច្រើនជានិស្សិតមកពីបណ្តាសាកលវិទ្យាល័យ ក្នុងរដ្ឋធានីឌីលី បានប្រមូលផ្តុំគ្នានៅក្បែរ​វិមានសភាទីម័រខាងកើត ដើម្បីសម្តែងការតវ៉ា ចំពោះផែនការទិញរថយន្តផ្លូវការថ្មីម្នាក់មួយគ្រឿង ឱ្យសមាជិកទាំង៦៥នាក់របស់សភា។ ការតវ៉ាពីដំបូងឡើយ ចាប់ផ្តើមដោយសន្តិវិធី ប៉ុន្តែបានប្រែក្លាយទៅជាហិង្សា នៅពេលប៉ូលិសបាញ់ឧស្ម័នបង្ហូរទឹកភ្នែក បន្ទាប់ពីបាតុករមួយចំនួន បានចោលដុំថ្មដាក់ពួកគេ។

សកម្មភាពតវ៉ានាថ្ងៃអង្គារនេះ គឺស្រដៀងគ្នាទៅនឹងការតវ៉ាកាលពីថ្ងៃចន្ទដែរ ដែលបានញ៉ាំងឱ្យគណបក្សនយោបាយមួយចំនួន ចេញមុខប្រកាសថា ពួកគេនឹងស្នើឱ្យសភា លុបចោលគម្រោងទិញរថយន្តវិញ។ គណបក្សទាំងនោះ កន្លងមកធ្លាប់បានចូលរួម​អនុម័តកញ្ចប់ថវិកាឆ្នាំ២០២៥ ដែលរួមបញ្ចូលទាំងថវិកាសម្រាប់ទិញរថយន្ត។

គួរបញ្ជាក់ថា ក្រុមបាតុករបានប្តេជ្ញាបន្តការប្រមូលផ្តុំគ្នាតវ៉ា រហូតទាល់តែគម្រោងខាងលើ ត្រូវបានលុបចោលជាផ្លូវការ ខណៈពួកគេបានដុតសំបកកង់ និងរថយន្តរដ្ឋាភិបាល១គ្រឿង នៅក្បែរវិមានសភា។ គិតត្រឹមរសៀលថ្ងៃអង្គារនេះ ខាងរដ្ឋាភិបាលទីម័រខាងកើត មិនទាន់ចេញសេចក្តីថ្លែងការណ៍ឆ្លើយតបជាផ្លូវការនៅឡើយទេ ពាក់ព័ន្ធនឹងការធ្វើបាតុកម្ម៕

អត្ថបទដែលជាប់ទាក់ទង