ជំងឺពងបែកដៃ ជើងនិងមាត់ កើនឡើង! ក្រសួងសុខាភិបាល រំឭកឪពុកម្តាយ ឱ្យប្រយ័ត្នចំពោះកូនតូច

ក្រសួងសុខាភិបាល បានរំឭកឱ្យអាណាព្យាបាលប្រុងប្រយ័ត្នចំពោះកូនតូចៗរបស់ខ្លួន ពិសេសកូនតូចដែលមានអាយុក្រោម៥ឆ្នាំ បន្ទាប់ពីរកឃើញថាជំងឺពងបែក ដៃ ជើង និងមាត់ មានការកើនឡើង។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃ១៦ ខែកញ្ញា ក្រសួងបញ្ជាក់ថា ជំងឺនេះ​តម្រូវឱ្យ មានការពិនិត្យព្យាបាលសមស្រប​តាមមូលដ្ឋានសុខាភិបាល។

ជំងឺពងបែកដៃ ជើង និងមាត់ គឺជាជំងឺឆ្លងមួយប្រភេទ បង្កដោយពពួកអង់តេរ៉ូវីរុស (enteroviruses) ជាញឹកញាប់គឺ ពួកវីរុសកុកសាគី (coxsackievirus) ភាគច្រើនកើតលើ ទារក និងកុមារ ប៉ុន្តែក៏អាចកើតលើមនុស្ស ពេញវ័យផងដែរ។

ជំងឺនេះ អាចឆ្លង ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត តាមរយៈការ ប៉ះពាល់ដោយផ្ទាល់ជាមួយនឹងវត្ថុរាវនៃផ្លូវដង្ហើម (ទឹកមាត់ កំហាក និងសំបោរ) ទឹករងៃ ដែលចេញពីពងបែក លាមកអ្នកជំងឺ។ អ្នកជំងឺអាចចម្លងខ្លាំងបំផុតក្នុងសប្តាហ៍ទីមួយ។ ជំងឺពងបែក ដៃ ជើង និងមាត់ មិនឆ្លងពីមនុស្ស ទៅសត្វឬពីសត្វមកមនុស្សឡើយ។

ជំងឺពងបែកដៃ ជើង និងមាត់ មានរោគសញ្ញាដូចជាគ្រុនក្តៅ មានដំបៅឈឺក្នុងមាត់ និង មានពងកន្ទួល លើបាតដៃ បាតជើង និង កំប៉េះគូទ។ នេះបើតាមក្រសួងសុខាភិបាល ដែលបន្ថែមទៀតថា ជំងឺពងបែក ដៃជើង និងមាត់ ភាគច្រើន​មានស្ថានភាពស្រាល ហើយអ្នកជំងឺស្ទើរតែទាំងអស់ជាសះស្បើយ ក្នុងរយៈពេលពី ៧ថ្ងៃ ទៅ១០ថ្ងៃ ហើយកម្រមានផលវិបាកណាស់ (អ្នកជំងឺអាចត្រូវការថ្នាំបញ្ចុះកម្ដៅ ថ្នាំបំបាត់ការឈឺចាប់ ដែលបណ្តាលមកពីពងបែកក្នុងមាត់ តែមិនត្រូវប្រើថ្នាំ អាស្ដីរីន (aspirin) ដើម្បីបញ្ចុះកំដៅឡើយ)។

ក្រសួងសុខាភិបាល បញ្ជាក់ទៀតថា កម្រណាស់ ដែលជំងឺពងបែក ដៃ ជើង និងមាត់ អាចបង្កឱ្យមានផលវិបាកធ្ងន់ធ្ងរមួយចំនួន ដែលរួមមាន រោគសញ្ញាប្រព័ន្ធប្រសាទ (សន្លឹម ប្រកាច់ ឬកន្ត្រាក់ដៃជើង) និងរោគសញ្ញាផ្លូវដង្ហើម (ពិបាកដកដង្ហើម ហត់)។ ក្នុងករណីនេះ ត្រូវប្រញាប់បញ្ជូនអ្នកជំងឺ ទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលនៅជិតបំផុតជាបន្ទាន់ ចៀសវាងការពន្យារពេល ធ្វើឱ្យប្រឈមនឹងហានិភ័យខ្ពស់នៃជំងឺ។

ដើម្បីបង្ការការឆ្លងជំងឺពងបែកដៃ ជើង និងមាត់ ក្រសួងណែនាំឱ្យ​ប្រកាន់ខ្ជាប់​នូវការអនុវត្ត​អនាម័យ លាងសម្អាតដៃឱ្យបានញឹកញាប់ ជាមួយសាប៊ូ និងទឹកលាងដៃកុមារឱ្យបាន​ញឹក​ញាប់ជាមួយទឹក និងសាប៊ូ ឬជាមួយអាល់កុលដែល ជាពិសេសក្រោយ ប៉ះពងបែក ឬដំបៅ មុនពេលរៀបចំអាហារ មុនពេលបរិភោគ មុនបញ្ចុកចំណីដល់ទារក ឬកុមារ ក្រោយប្រើ ប្រាស់បង្គន់អនាម័យ និងក្រោយប្តូរទ្រនាប់គូទទារក ឬជូតសម្អាតរាងកាយកុមារ

លាងសម្អាតដៃ និងរបស់ដែលប្រលាក់ ដោយទឹកនិងសាប៊ូ។

ចៀសវាងការប៉ះពាល់ស្និទ្ធស្នាល (ថើប ឱប ប្រើប្រាស់សម្ភារសម្រាប់បរិភោគរួមគ្នា។ល។) ជា​មួយ កុមារដែលមានជំងឺពងបែក ដៃ ជើង និងមាត់។ ប្រើស្លាបព្រា និងចាន ដាច់ដោយ​ឡែក សម្រាប់កុមារម្នាក់ៗ។ ​ឱ្យកុមារនៅ​ផ្ទះនៅ​ពេលមាន​ជំងឺ កុំទៅសាលារៀនឬមណ្ឌលទារកដ្ឋាន។ ចំណែកឪពុកម្តាយនិងអ្នកថែទាំ​កុមារ ត្រូវ​រក្សា​ការប្រុងប្រយ័ត្ន។ ផ្តល់អាហារដែលមានជីវជាតិច្រើន និងទឹកឱ្យបានច្រើនដល់កុមារ និង

​កុំ​ទៅ​ជួបជុំ ឬទីប្រជុំជនដែលមានមនុស្សច្រើន នៅពេលមានជំងឺពងបែកដៃ ជើង និងមាត់​៕

អត្ថបទដែលជាប់ទាក់ទង