កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចាប់ខ្លួនជនជាតិថៃ២នាក់ បន្ទាប់ពីបាញ់បោះសេរីក្នុងក្រុងប៉ោយប៉ែត
(ក្រុងប៉ោយប៉ែត)៖ នៅវេលាម៉ោង០០ និង៤១នាទីរំលងអធ្រាតឈានចូល ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត សហការណ៍ជាមួយក្រុមល្បាតព្រំដែន ចុះល្បាតតាមព្រំដែនក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ដល់ចំណុចដីវាលមុខបុរីស្តារហ្គោល ស្ថិតក្នុងភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក៏បានប្រទះឃើញករណីបាញ់បោះសេរី និងប្រើប្រាស់អាវុធដោយខុសច្បាប់ប្រព្រឹត្តដោយជនសង្ស័យចំនួន០២នាក់ ភ្លាមនោះកម្លាំងបានធ្វើការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ ដែលជាជនជាតិថៃ រួមទាំងអាវុធខ្លី ដែលជាវត្ថុតាង និងនាំទៅកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីធ្វើការសួរនាំ។
កងរាជអាវុធហត្ថបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ផាចារាក់ ខៅផូ ( PATCHARA KHAOPHO ) ភេទប្រុស អាយុ២៧ឆ្នាំ ជាជនជាតិថៃ ជាម្ចាស់អាវុធ។ ឈ្មោះ ឡាំភុម រ៉ាត់តាណាក់កែវមន្នី (RAMPUM RATTANAKAEWMANEE) ភេទប្រុស អាយុ២២ឆ្នាំ ជាជនជាតិថៃ ពួកគេទាំង២ស្នាក់នៅម្ដុំវត្តជាយដែន ស្ថិតក្នុងភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ពេលឃាត់ខ្លួនកងរាជអាវុធហត្ថបានរកឃើញ និងដកហូតវត្ថុតាងជាអាវុធខ្លីម៉ាក ស៉ិចសាយអឺ (SIG SAUER) ពណ៌ខ្មៅ លេខតួ 66A986594 ចំនួន១ដើម បង់ចំនួន១ គ្រាប់ចំនួន១០គ្រាប់ និងសំបកគ្រាប់បាញ់រួចចំនួន៤គ្រាប់។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ កំពុងសួរនាំនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕