វ៉េណេស៊ុយអេឡា អះអាងពីការទប់ស្កាត់ផែនការវាយប្រហារលើស្ថានទូតអាមេរិក
(ការ៉ាកាស)៖ ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro កាលពីថ្ងៃចន្ទ ទី៦ ខែតុលា បាននិយាយថាវ៉េណេស៊ុយអេឡាបានទប់ស្កាត់ទាន់ពេលវេលាការប៉ុនប៉ងវាយប្រហារបំផ្ទុះ គ្រាប់បែកប្រឆាំងស្ថានទូតអាមេរិកក្នុងទីក្រុងការ៉ាកាស ដើម្បីទម្លាក់កំហុសលើរដ្ឋាភិបាលរបស់លោក និងដុតបញ្ឆេះភាពតានតឹងជាមួយសហរដ្ឋអាមេរិក ខណៈប្រទេសទាំង២កំពុងតានតឹងនឹងគ្នាស្រាប់ ជុំវិញប្រតិបត្តិការបង្រ្កាបគ្រឿងញៀនរបស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ថ្លែងនៅក្នុងកម្មវិធីទូរទស្សន៍ប្រចាំសប្ដាហ៍ លោក Maduro បានអះអាងថាប្រភពចំនួន២ ដែលមិនបានបញ្ជាក់ឈ្មោះបានជូនដំណឹងប្រាប់រដ្ឋាភិបាលរបស់លោកពីផែនការរបស់ក្រុមភេរវករមួយ នៅក្នុងស្រុក ដើម្បីបង្កៃគ្រាប់បែកនៅឯស្ថានទូតអាមេរិកក្នុងទីក្រុងការ៉ាកាស ក្នុងគោលបំណងដុតបញ្ឆេះជម្លោះជាមួយទីក្រុងវ៉ាស៊ីនតោន។ លោក Jorge Rodriguez ជាប្រធានរដ្ឋសភា វ៉េណេស៊ុយអេឡា និងជាអ្នកដែលបានរាយការណ៍មុនគេពីផែនការខាងលើកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ បានឱ្យដឹងថារដ្ឋាភិបាលវ៉េណេស៊ុយអេឡាក៏បានជូនដំណឹងបន្តទៅកាន់សហរដ្ឋអាមេរិក តាមរយៈបណ្ដាញការទូតចំនួន៣ផងដែរ។ លោកបន្ថែមថាស្ថានទូតប្រទេសអឺរ៉ុបមួយក៏ត្រូវបានជូនដំណឹងពីផែនការវាយប្រហារបំផ្ទុះគ្រាប់បែកដែរ តែមិនបានបញ្ជាក់ឱ្យច្បាស់ថាជាស្ថានទូតរបស់ ប្រទេសអឺរ៉ុបណាមួយទេ។
គួរបញ្ជាក់ថា វ៉េណេស៊ុយអេឡា បានកាត់ផ្ដាច់ទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកក្នុងឆ្នាំ២០១៩ ហើយបុគ្គលិកស្ថានទូតអាមេរិកបានចាកចេញពីរដ្ឋធានីការ៉ាកាសក្នុងឆ្នាំដដែលនោះ។ វ៉េណេស៊ុយអេឡា និងសហរដ្ឋអាមេរិក កំពុងមានភាពតានតឹងនឹងគ្នា ខណៈរដ្ឋបាលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាន និងកំពុងបើកការវាយប្រហារលើឧក្រិដ្ឋជនគ្រឿងញៀនក្នុងតំបន់ដែនទឹកស្ថិតនៅក្បែរ វ៉េណេស៊ុយអេឡា៕