លោក ដូណាល់ ត្រាំ គំរាមប្រើច្បាប់ប្រឆាំងការបះបោរ ដើម្បីដាក់ពង្រាយកងទ័ពបន្ថែម ក្នុងសហរដ្ឋអាមេរិក
(AFP)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទ ទី៦ ខែតុលា បានគំរាមថានឹងប្រើប្រាស់ច្បាប់ប្រឆាំងការបះបោរ «Insurrection Act» ដើម្បីដាក់ពង្រាយកងទ័ពបន្ថែមទៅកាន់បណ្ដា ទីក្រុងគ្រប់គ្រងគណបក្សប្រជាធិបតេយ្យ ខណៈការប៉ុនប៉ងរបស់លោកក្នុងការចល័តកងទ័ពកំពុងប្រឈមនឹងការជំទាស់តាមផ្លូវច្បាប់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ការគំរាមប្រើច្បាប់ប្រឆាំងការបះបោររបស់លោក ត្រាំ ធ្វើឡើងបន្ទាប់ពីចៅក្រមសហព័ន្ធម្នាក់ក្នុងរដ្ឋ Oregon បានបញ្ឈប់ជាបណ្ដោះអាសន្នការដាក់ពង្រាយកងទ័ពឆ្មាំជាតិក្នុងទីក្រុង Portland ខណៈចៅក្រមម្នាក់ទៀតក្នុងរដ្ឋ Illinois ក៏បានរាំងខ្ទប់ការដាក់ពង្រាយកងទ័ពក្នុងទីក្រុង Chicago ផងដែរ។ ទាំងទីក្រុង Portland និងទីក្រុង Chicago កំពុងប្រឈមនឹងប្រតិបត្តិការក្ដៅរបស់រដ្ឋបាល លោក ត្រាំ ក្នុងការបណ្ដេញជនអន្តោប្រវេសន៍ខុសច្បាប់ និងបង្រ្កាបឧក្រិដ្ឋកម្ម។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន នៅឯការិយាល័យពងក្រពើនៃសេតវិមាន លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «យើងអាចប្រើច្បាប់ប្រឆាំងការបះបោរនៅក្រោមហេតុផលមួយ។ ប្រសិនបើខ្ញុំចាំបាច់ត្រូវតែប្រើ ច្បាប់នេះ ខ្ញុំនឹងធ្វើវាភ្លាម»។ លោកបន្ថែមថា «ប្រសិនបើមានមនុស្សត្រូវបានសម្លាប់ ហើយតុលាការរារាំងពួកយើង ឬអភិបាលរដ្ឋ ឬក៏ចៅហ្វាយក្រុងរារាំងពួកយើង ពិតប្រាកដណាស់ ខ្ញុំនឹងធ្វើវា (ប្រើច្បាប់ប្រឆាំងការបះបោរ)»។
គួរបញ្ជាក់ថា ការស្ទង់មតិរមួយធ្វើឡើងដោយទូរទស្សន៍ CBS កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន បានរកឃើញថា៥៨ភាគរយនៃប្រជាជនអាមេរិកបានប្រឆាំងជំទាស់នឹងការដាក់ពង្រាយកងទ័ពតាមបណ្ដាទីក្រុង នៅក្នុងសហរដ្ឋអាមេរិក។ ក្រៅពីរដ្ឋ Illinois និងរដ្ឋ Oregon រដ្ឋ California ក៏បានដាក់ពាក្យបណ្ដឹងតាមផ្លូវច្បាប់ប្រឆាំងនឹងការដាក់ពង្រាយកងទ័ពដោយរដ្ឋបាលលោក ត្រាំ ផងដែរ៕