អង្គការ WHO ចេញការព្រមានពីថ្នាំស៊ីរ៉ូក្អក ៣ ប្រភេទផលិតនៅឥណ្ឌា មានផ្ទុកសារធាតុពុលប៉ះពាល់ដល់អាយុជីវិតអ្នកប្រើប្រាស់

ថ្មីៗនេះ អង្គការសុខភាពពិភពលោក (WHO) បានដាក់ចេញការព្រមានចំពោះថ្នាំស៊ីរ៉ូក្អកចំនួន ៣ ប្រភេទ ផលិតក្នុងប្រទេសឥណ្ឌា ដែលមានផ្ទុកសារធាតុពុល ដោយណែនាំឱ្យបណ្ដាប្រទេសនានាធ្វើការតេស្ត និង រាយការណ៍ភ្លាម ប្រសិនបើរកឃើញផលិតផលទាំងនេះលក់ក្នុងប្រទេសខ្លួន។

កាលពីថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២៥ កន្លងទៅ អង្គការ WHO បានចេញការព្រមានលើផលិតផលថ្នាំស៊ីរ៉ូក្អកចំនួន ៣ ប្រភេទរួមមាន ថ្នាំស៊ីរ៉ូក្អកម៉ាក Coldrif (ផលិតដោយក្រុមហ៊ុន Sresan Pharmaceutical) ថ្នាំស៊ីរ៉ូក្អកម៉ាក Respifresh TR (ផលិតដោយក្រុមហ៊ុន Rednex Pharmaceuticals) និង ថ្នាំម៉ាក ReLife (ផលិតដោយក្រុមហ៊ុន Shape Pharma)។ ខាងអង្គការសុខភាពពិភពលោក បានរកឃើញថា ផលិតផលថ្នាំទាំងនេះគឺមានផ្ទុកសារធាតុពុលដែលអាចបណ្ដាលឱ្យអ្នកប្រើប្រាស់មានបញ្ហាសុខភាពធ្ងន់ធ្ងរ និង ឈានដល់ការប៉ះពាល់អាយុជីវិតថែមទៀត។

គួររំឭកថា ថ្មីៗកន្លងទៅនេះ ខាងអង្គការត្រួតពិនិត្យស្ដង់ដារឱសថប្រចាំប្រទេសឥណ្ឌា (CDSCO) បានរាយការណ៍ប្រាប់អង្គការសុខភាពពិភពលោកថា ថ្នាំស៊ីរ៉ូក្អកប៉ុន្មានប្រភេទខាងលើនេះត្រូវបានជឿថាមានពាក់ព័ន្ធនឹងករណីស្លាប់របស់កុមារយ៉ាងហោចណាស់ ១៩ នាក់ (អាយុក្រោម ៥ ឆ្នាំ) នៅក្រុង Chhindwara រដ្ឋ Madhya Pradesh ប្រទេសឥណ្ឌា កាលពីខែមុន។ ជនរងគ្រោះទាំងអស់ដែលបានបាត់បង់ជីវិត គឺសុទ្ធតែបានផឹកថ្នាំស៊ីរ៉ូក្អក Coldrif ដែលផលិតដោយក្រុមហ៊ុន Sresan។

បច្ចុប្បន្ន ម្ចាស់ក្រុមហ៊ុនផលិតឱសថ Sresan ក៏ត្រូវបានចាប់ខ្លួនហើយដែរ ខណៈអាជ្ញាធរផ្នែកសុខាភិបាលឥណ្ឌា ក៏បានណែនាំឱ្យពលរដ្ឋខ្លួន កុំឱ្យប្រើប្រាស់ថ្នាំស៊ីរ៉ូក្អក ២ ប្រភេទទៀត (Respifresh និង ReLife) ព្រោះផលិតផលថ្នាំទាំងពីរនេះ ក៏រកឃើញមានផ្ទុកសារធាតុគីមីគ្រោះថ្នាក់ដូចគ្នា។

ជាមួយគ្នានោះដែរ ខាងអង្គការ CDSCO ក៏បានចេញមកបញ្ជាក់បន្ថែមថា រាល់ផលិតផលដែលមានផ្ទុកសារធាតុពុលខាងលើគឺមិនត្រូវបាននាំចេញចែកចាយពីប្រទេសឥណ្ឌាឡើយ ហើយក៏គ្មានភស្តុតាងណាបញ្ជាក់ពីការនាំចេញខុសច្បាប់នោះដែរ៕

ប្រភព៖ VN Express

អត្ថបទដែលជាប់ទាក់ទង