ប្រធានាធិបតីស៊ីរី លោក Sharaa នឹងជួបលោក ពូទីន ក្នុងទីក្រុងមូស្គូ

(ដាម៉ាស)៖ ប្រធានាធិបតីស៊ីរី​ លោក Ahmed al-Sharaa នឹងជួបប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ក្នុងទីក្រុងមូស្គូ នៅថ្ងៃពុធ ទី១៥ ខែតុលា ដែលនេះជាដំណើរទស្សនកិច្ចជាលើកដំបូងរបស់លោក ទៅកាន់រុស្ស៉ីចាប់តាំងពីការផ្ដួលរំលំសម្ព័ន្ធមិត្តចាស់វស្សារបស់ទីក្រុងមូស្គូ លោក Bashar al-Assad កាលពីឆ្នាំមុនមក។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីរី ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីរី SANA ដោយផ្អែកលើការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់ប្រធានាធិបតីស៊ីរី បានឱ្យដឹងថាជំនួបរវាងលោក al-Sharaa និងលោក ពូទីន នឹងផ្ដោតជាសំខាន់លើស្ថានការវិវត្តន៍ក្នុងតំបន់ និងអន្តរជាតិ ព្រមទាំងរិះរកវិធីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំង២។ គណៈប្រតិភូរបស់លោក al-Sharaa ក្នុងនោះរួមមានរដ្ឋមន្ត្រីការបរទេស មន្ត្រីយោធាជាន់ខ្ពស់ និងក្រុមមន្ត្រីសេដ្ឋកិច្ច ជាន់ខ្ពស់របស់ស៊ីរី។

ប៉ុន្តែ គេក៏រំពឹងដែរថាក្នុងជំនួបនៅមូស្គូ មេដឹកនាំស៊ីរី និងរុស្ស៉ី នឹងជជែកគ្នាពីអនាគតមូលដ្ឋានទ័ពជើងទឹករបស់រុស្ស៉ីនៅក្នុងទីក្រុង Tartous និងមូលដ្ឋានទ័ពអាកាស Hmeimim ដែលជាមូលដ្ឋានទ័ព ដ៏សំខាន់ត្រូវបានទីក្រុងមូស្គូសាងសង់ឡើងអំឡុងការធ្វើអន្តរាគមន៍ជួយរបបលោក Assad ក្នុងសង្រ្គាមស៊ីវិលនៅស៊ីរីក្នុងឆ្នាំ២០១៥៕

អត្ថបទដែលជាប់ទាក់ទង