កម្ពុជាបានបញ្ចូនជនជាតិកូរ៉េចំនួន៦៤នាក់ ពាក់ព័ន្ធនឹងការឆបោកតាមអនឡាញ​ត្រឡប់ទៅកូរ៉េ​វិញ

មន្ត្រីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅយប់​ថ្ងៃទី១៧ តុលា បានបញ្ចូនជនជាតិកូរ៉េសរុបចំនួន ៦៤នាក់ ក្នុងនោះមានស្ត្រីចំនួន៥នាក់ ដែលជាប់ពាក់ព័ន្ធនឹងការឆបោកតាម​ប្រព័ន្ធបច្ចេកវិទ្យា​ឱ្យត្រឡប់ទៅប្រទេសដើមរបស់ពួកគេវិញដើម្បីឱ្យរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ចាត់វិធានការ និងអនុវត្តនីតិវិធីបន្ត។

លេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាហៅកាត់ថា គ.ប.ឆ.ប. បានបញ្ជាក់ថា ជន​ជាតិ​កូរ៉េ​ទាំង​នេះ​បាន​ជាប់ពាក់ព័ន្ធនឹងការឆបោកតាម​អនឡាញ ហើយ​ការ​បញ្ជូន​ត្រឡប់​ទៅ​វិញ​នេះ​គឺជាផ្នែកនៃការអនុវត្តនីតិវិធីច្បាប់ និងប្រព្រឹត្តទៅក្នុងក្របខណ្ឌនៃយន្តការដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា។

កាល​ពី​កន្លង​ទៅថ្មីៗ​នេះ កម្ពុជាបានបញ្ជូនជនជាតិកូរ៉េចំនួន ១៨០នាក់ ឱ្យត្រឡប់ទៅ សាធារណរដ្ឋកូរ៉េវិញរួចមកហើយ ស្រប​ពេល​ដែល​សមត្ថកិច្ច​នៃ​ប្រទេស​ទាំង​ពីរ​តែង​ផ្ដល់​កិច្ច​សហការ​ដើម្បី​ទប់​ស្កាត់​ និង​បង្ក្រាប​បទ​ល្មើស​នេះ។ នេះបើ​តាម គ.ប.ឆ.ប.។ សមត្ថកិចុ្ច​

គ.ប.ឆ.ប. ក៏​ស្នើសុំកិច្ចសហការជាមួយសមត្ថកិច្ចជំនាញនៃរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ក្នុងការបន្តស្រាវជ្រាវស៊ីជម្រៅ ដើម្បីឆ្ពោះទៅវែកមុខបណ្តាញអង្គការចាត់តាំង និងប្រភពដែលនៅពីក្រោយការឆបោកអនឡាញនេះ ដោយផ្អែកលើវត្ថុតាង ដែលអាជ្ញាធរកម្ពុជារឹបអូសបាន ក្នុងប្រតិប្រតិបត្តិការពីបណ្តារាជធានីខេត្ត នៃព្រះរាជាណាចក្រកម្ពុជា។

បើ​តាម គ.ប.ឆ.ប. ក្នុងរយៈពេល៤ខែចុងក្រោយ គោលដៅ​ឆបោក​ចំនួន ៩២ទីតាំង ក្នុង ១៨ រាជធានីខេត្ត ត្រូវ​បាន​បង្ក្រាប។ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យសរុប ៣៤៥៥ នាក់ មានចំនួន២០សញ្ជាតិ។ ជាមួយគ្នានេះ សមត្ថកិច្ចជំនាញបានបន្តនីតិវិធីចំពោះ ១០សំណុំរឿងធំៗ នៅរាជធានីភ្នំពេញ ខេត្តកណ្តាល ព្រះសីហនុ និងខេត្តកំពត ដោយបានបញ្ជូនមុខសញ្ញាមេខ្លោង និងបក្ខពួកសរុប ចំនួន៧៥នាក់ (ស្រ្តីចំនួន៥នាក់) ទៅតុលាការ ដើម្បី អនុវត្តតាមនីតិវិធីច្បាប់ជាធរមាន។

ទន្ទឹមនេះ ជនបរទេសចំនួន ២៨២៥នាក់ ក្នុងនោះស្ត្រីចំនួន ៤៧៦នាក់ ត្រូវបាននិរទេសចេញពីប្រទេសកម្ពុជា។ សមត្ថកិច្ចក៏បានជួយសង្រ្គោះជនរងគ្រោះឱ្យរួចផុតពីអំពើជួញដូរ និងបានបំបែកបណ្តាញឧក្រិដ្ឋជនឆបោក និងសំបុកនៃការជួញដូរ មនុស្សផងដែរ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៤ ខែ កក្កដា ឆ្នាំ២០២៥ បានដាក់ចេញយុទ្ធនាការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយ​លោក​បញ្ជាក់​ច្បាស់​ថា ការ​មិនអនុវត្តតាមបទបញ្ជា ឬមិនសហការអនុវត្ត ក្នុងរូបភាពណាមួយ ត្រូវជាកម្មវត្ថុនៃការវាយតម្លៃ ក្នុងការតែងតាំង ផ្លាស់ប្ដូរ ឬបញ្ចប់មុខតំណែង៕

អត្ថបទដែលជាប់ទាក់ទង