ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្រុងសៀមរាប

(សៀមរាប)៖ កម្លាំងចម្រុះ នៃគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប ក្រោមការសម្របសម្រួលផ្លូវច្បាប់ពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ បានចុះពិនិត្យ និងបង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅចំណុចផ្ទះវីឡាជួល ស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដោយបានឃាត់ខ្លួនជនជាតិចិនចំនួន០៣នាក់ និងស្រ្តីជនជាតិវៀតណាមម្នាក់។

ជនសង្ស័យទាំង៤នាក់ រួមមាន៖

*ទី១៖ ឈ្មោះ XIAO SONG
*ទី២៖ ឈ្មោះ HAN JIAJIA
*ទី៣៖ ឈ្មោះ QIN CILONG
*ទី៤៖ ឈ្មោះ LUONG THI QUE​ ភេទស្រី ជនជាតិវៀតណាម។

ក្នុងប្រតិបត្តិការបង្ក្រាបនោះ សមត្ថកិច្ចជំនាញ បានដកហូតសម្ភារជាវត្ថុតាងរួមមានកុំព្យូទ័រលើតុ ចំនួន០៤គ្រឿង, ទូរសព្ទដៃចំនួន២៣គ្រឿង និងវត្ថុតាងមួយចំនួនទៀត។

ជនសង្ស័យបានឆ្លើយសារភាពថា ពួកគេបានប្រើប្រាស់វិធីសាស្រ្តឆបោកក្រោមរូបភាពជាការលួងលោមស្នេហា (Romance scam) ដើម្បីបញ្ចុះបញ្ចូលឱ្យជនរងគ្រោះដាក់ប្រាក់វិនិយោគទិញរូបិយបណ្ណអេឡិចត្រូនិច (Crypto) ដែលមានគោលដៅឆបោកទៅកាន់ប្រទេសផ្សេងៗ។

ក្រោយការបង្រ្កាបនេះ សមត្ថកិច្ចជំនាញ បច្ចុប្បន្នកំពុងសហការជាមួយភាគីពាក់ព័ន្ធ ដើម្បីបន្តស្រាវជ្រាវបន្ថែមទៀតឈានទៅចាត់វិធានការផ្លូវច្បាប់ចំពោះមេខ្លោង នៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ខណៈជនសង្ស័យ និងវត្ថុតាងដែលរឹបអូសបាន ត្រូវបានប្រគល់ជូនអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។

សូមបញ្ជាក់ថា ក្នុងក្របខណ្ឌយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យានេះ សមត្ថកិច្ចចម្រុះទូទាំងប្រទេសនឹងចាត់វិធានការតាមផ្លូវច្បាប់ យ៉ាងតឹងរឹងបំផុតចំពោះមេខ្លោងទាំងឡាយ ដែលជាប់ពាក់ព័ន្ធនឹង អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ដោយគ្មានការលើកលែងឡើយ៕

អត្ថបទដែលជាប់ទាក់ទង