ទេសាភិបាលធនាគារជាតិនៃកម្ពុជា ប្រាប់អន្តរជាតិថា «បញ្ហាឆបោកតាមអនឡាញ ជាបញ្ហាសកលដ៏ស្មុគស្មាញ ទាមទារឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិ ដោយមិនត្រូវចង្អុលដាក់គ្នានោះទេ»
(ម៉ាឡេស៉ី)៖ លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា តាមរយៈវេទិកាអន្តរជាតិនានា ក្នុងកម្មវិធីកិច្ចប្រជុំពូលអាស៊ាន ឆ្នាំ២០២៥ បានលើកឡើងអំពីស្ថានភាពនៃការឆបោកតាមប្រព័ន្ធអនឡាញ ដែលជាបញ្ហាសកលដ៏ស្មុគស្មាញ ទាមទារឱ្យមានកិច្ចសហប្រតិបត្តិការដោះស្រាយជាអន្តរជាតិ ដោយមិនត្រូវចង្អុលដាក់គ្នានោះទេ។
តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ខ្លួន លោកស្រី ជា សិរី បានរៀបរាប់ទាំងស្រុងដូច្នេះថា៖
ក្នុងរយៈពេលប្រហែល ៣០ម៉ោង នៅទីក្រុងគូឡាឡាំពួ ក្នុងកម្មវិធីកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ ២០២៥ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀតដ៏មមាញឹក ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដែលបានចូលរួមក្នុងកិច្ចពិភាក្សាចំនួន ២ គឺកិច្ចពិភាក្សាក្នុងកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ឆ្នាំ២០២៥ និងក្នុងកិច្ចប្រជុំកំពូលធុរកិច្ច Bloomberg អាស៊ាន។
នៅក្នុងវគ្គពិភាក្សានៃកិច្ចប្រជុំកំពូលទាំងពីរនេះ ខ្ញុំបានបញ្ជាក់យ៉ាងច្បាស់ថា ព័ត៌មានអំពីការឆបោកតាមប្រព័ន្ធអនឡាញនៅកម្ពុជា គឺជាព័ត៌មានដ៏គួរឱ្យព្រួយបារម្ភ និងបានប៉ះពាល់ដល់កេរ្តិ៍ឈ្មោះប្រទេសកម្ពុជា។ ប៉ុន្តែ ព័ត៌មានទាំងនេះមិនបានឆ្លុះបញ្ចាំងគ្រប់ទិដ្ឋភាពរបស់កម្ពុជានោះទេ។ យើងមានបរិយាកាសវិនិយោគល្អ ដោយមានការលើកលែងពន្ធនានា សម្រាប់គម្រោងដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ យើងមានអគ្គិសនីផ្តល់ពីប្រភពថាមពលស្អាត និងមានអាកាសយានដ្ឋានអន្តរជាតិលំដាប់អន្តរជាតិ ទើបសម្ពោធដាក់ឱ្យណើរការ ដែលជាការវិនិយោគដោយវិនិយោគិនកម្ពុជាសុទ្ធសាធ និងគ្រប់គ្រងដោយកម្ពុជា (មិនដូចការចេញផ្សាយ នៅតាមបណ្តាញសារព័ត៌មានមួយចំនួននោះទេ)។
ទីពីរ ខ្ញុំបានសង្កត់ធ្ងន់ថា បញ្ហាឆបោកតាមអនឡាញ គឺជាបញ្ហាសកលដ៏ស្មុគស្មាញ ដែលទាមទារឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីដោះស្រាយ។ ប្រតិបត្តិការរបស់ក្រុមល្មើសអនឡាញទាំងនេះបានបង្កើតជាបណ្ដាញប្រទាក់ក្រឡាយ៉ាងស្មុគស្មាញទូទាំងសកលលោក។ បណ្ដាញឆបោកនេះមិនមែនកើតមានតែនៅក្នុងប្រទេសកម្ពុជាទេ តែគឺនៅគ្រប់ទិសទីជុំវិញពិភពលោក ហើយជនរងគ្រោះក៏នៅគ្រប់ទិសទីផងដែរ។
ដូច្នេះ ដើម្បីដោះស្រាយបញ្ហា យើងត្រូវការកិច្ចសហប្រតិបត្តិការអន្តរជាតិ ហើយមិនត្រូវចង្អុលដាក់គ្នានោះទេ។ ក្នុងន័យនេះ ប្រទេសកម្ពុជាប្តេជ្ញាក្លាយជាសមាជិកដែលគួរឱ្យទុកចិត្ត និងមានតម្លាភាពក្នុងវិស័យហិរញ្ញវត្ថុអន្តរជាតិ ហើយបានរឹតបន្តឹងវិធានការ ដើម្បីប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម (AML/CFT) ហើយយើងនឹងត្រៀមខ្លួនតាមការចាំបាច់ ដើម្បីសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហានេះ។
បើគិតឱ្យស៊ីជម្រៅជាងនេះ បណ្ដាញឆបោកក៏បង្ហាញពីបញ្ហាជាមូលដ្ឋានជាច្រើនទៀតដូចជា អក្ខរកម្មឌីជីថល នៅក្នុងស្ថានភាពដែលភាពខុសគ្នារវាង AI និងការពិត កាន់តែពិបាកបែងចែក។
ខ្ញុំក៏មានឱកាសជួបជាមួយថ្នាក់ដឹកនាំលំដាប់ពិភពលោក និងអ្នកដឹកនាំធុរកិច្ចនៅអាស៊ាន ព្រមទាំងបានពិភាក្សាជាមួយអ្នករៀបចំគោលនយោបាយ និងអ្នកស្រាវជ្រាវនៅស្ថាប័នសិក្សាល្បីៗដូចជា ឯកឧត្តម Mark Carney នាយករដ្ឋមន្ត្រីប្រទេសកាណាដា លោកជំទាវ Kristalina Georgieva នាយិកាគ្រប់គ្រង មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងលោក Jeffrey Sachs អ្នកវិភាគគោលនយោបាយ និងនយោបាយ ដ៏ល្បីមកពីសាកលវិទ្យាល័យ Columbia ជាដើម៕

