ស៊ីរីច្រានចោលសំណើលោកត្រាំ ដែលឲ្យផ្សះផ្សាទំនាក់ទំនងជាមួយអ៊ីស្រាអែល
ប្រធានាធិបតីស៊ីរីលោក Ahmed al-Sharaa បានបញ្ជាក់ពីជំហររបស់ខ្លួនថា ទីក្រុងដាម៉ាសនឹងមិនចូលរួមកិច្ចចរចាដោយផ្ទាល់ជាមួយអ៊ីស្រាអែលនៅពេលនេះទេ ដោយលើកឡើងពីការបន្តលុកលុយរបស់អ៊ីស្រាអែលលើតំបន់ Golan Heights ទោះបីជាប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ព្យាយាមសម្របសម្រួលគំនិតផ្តួចផ្តើមកិច្ចព្រមព្រៀង «Abraham» របស់គាត់ក៏ដោយ។
នៅក្នុងបទសម្ភាសន៍ជាមួយ Fox News កាលពីថ្ងៃចន្ទទី១០ខែវិច្ឆិកាឆ្នាំ២០២៥ លោក Shara បានរៀបរាប់ថា «ស្ថានភាពនៅក្នុងប្រទេសស៊ីរីគឺខុសពីប្រទេសដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង Abraham។ ស៊ីរីមានព្រំដែនជាប់ជាមួយអ៊ីស្រាអែល ហើយអ៊ីស្រាអែលកាន់កាប់តំបន់ Golan Heights តាំងពីឆ្នាំ១៩៦៧។ យើងនឹងមិនចូលទៅក្នុងការចរចាដោយផ្ទាល់នៅពេលនេះទេ។ ប្រហែលជារដ្ឋបាលសហរដ្ឋអាមេរិកជាមួយប្រធានាធិបតីត្រាំ នឹងជួយយើងឲ្យឈានដល់ការចរចាបែបនេះ»។
កិច្ចព្រមព្រៀង Abraham ដែលបានចាប់ផ្តើមក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោកត្រាំ មានគោលបំណងផ្សះផ្សាទំនាក់ទំនងរវាងអ៊ីស្រាអែល និងរដ្ឋអារ៉ាប់មួយចំនួន រួមទាំង បារ៉ែន ម៉ារ៉ុក ស៊ូដង់ និងអារ៉ាប់រួម។ កាហ្សាក់ស្ថានបានក្លាយជាប្រទេសចុងក្រោយគេ ដែលបានចូលរួមក្នុងកិច្ចព្រមព្រៀងកាលពីសប្តាហ៍មុន។
លោកត្រាំ បានបង្ហាញក្តីសង្ឃឹមថា នៅទីបំផុតស៊ីរី និងអារ៉ាប៊ីសាអូឌីត ក៏អាចចូលរួមក្នុងកិច្ចព្រមព្រៀងនេះផងដែរ។
នៅពេលសួរអំពីវត្តមានយោធាអាមេរិកនៅក្នុងប្រទេសស៊ីរី និងការប្រយុទ្ធប្រឆាំងនឹងក្រុម ISIS លោក Sharaa បានប្រាប់ថា កងកម្លាំងអាមេរិកគួរតែសម្របសម្រួលប្រតិបត្តិការរបស់ពួកគេជាមួយទីក្រុងដាម៉ាស។ លោកបាននិយាយថា «យើងត្រូវពិភាក្សាអំពីបញ្ហាទាំងនេះ ហើយឈានដល់កិច្ចព្រមព្រៀងមួយអំពីក្រុម ISIS»។
សូមជម្រាបថា ក្រោយកិច្ចប្រជុំទល់មុខគ្នាជាមួយប្រធានាធិបតីស៊ីរីដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រទេសនេះទៅកាន់សេតវិមានក្នុងរយៈពេលជិត៨០ឆ្នាំ លោកត្រាំបាននិយាយថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននឹង«ធ្វើអ្វីៗគ្រប់យ៉ាង» ដើម្បីធ្វើឲ្យប្រទេសស៊ីរី«ទទួលបានជោគជ័យ»។ លោកត្រាំបានសរសើរលោក Sharaa ថាជា«មេដឹកនាំដ៏រឹងមាំ» ដែល«កំពុងព្យាយាមកសាងប្រទេសរបស់គាត់ឡើងវិញបន្ទាប់ពីអតីតកាលដ៏លំបាក»។ មេដឹកនាំទាំងពីរបានពិភាក្សាអំពីការងើបឡើងវិញរបស់ប្រទេសស៊ីរី បន្ទាប់ពីការបញ្ចប់នៃការគ្រប់គ្រងរយៈពេលជាច្រើនទសវត្សរ៍របស់គ្រួសារ Assad ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ដើម្បីដកទណ្ឌកម្មដែលនៅសេសសល់ និងធ្វើសមាហរណកម្មទីក្រុងដាម៉ាសឡើងវិញទៅក្នុងផ្នែកការទូតអន្តរជាតិ៕
