ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបានសម្លាប់មនុស្ស២៧នាក់នៅហ្គាហ្សា

ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបានសម្លាប់មនុស្ស២៧នាក់នៅហ្គាហ្សាកាលពីថ្ងៃពុធ​ទី​១៩​ខែ​វិច្ឆិកា​ឆ្នាំ​២០២៥ ខណៈដែលអ៊ីស្រាអែល និងក្រុម​ហាម៉ាសបានចោទប្រកាន់គ្នាទៅវិញទៅមកពីការបំពានលើបទឈប់បាញ់ដ៏ផុយស្រួយដែលបានប្រកាន់ខ្ជាប់អស់រយៈពេលជាងមួយខែ​មក​នេះ។

យោង​តាម​ការ​ចុះផ្សាយ​របស់ France24 អាជ្ញាធរការពារស៊ីវិលនៅហ្គាហ្សាដែលគ្រប់គ្រងដោយហាម៉ាស បាននិយាយថា មនុស្ស១៤នាក់ត្រូវបានសម្លាប់នៅក្នុងទីក្រុងហ្គាហ្សា និង១៣នាក់នៅតំបន់ខាន់យូនិស។ យោធាអ៊ីស្រាអែល បាន​ប្រាប់​ថា ខ្លួនបានបើកការវាយប្រហារបន្ទាប់ពីក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន​ត្រូវបានចោទថាបានបាញ់ប្រហារលើកងទ័ពដែលកំពុងប្រតិបត្តិការនៅភាគខាងត្បូងហ្គាហ្សា ដែលជាការអះអាងដែលហាម៉ាសបានបដិសេធ ដោយហៅការវាយប្រហារនេះថាជា «ការកើនឡើងដ៏គ្រោះថ្នាក់» ដែលធ្វើ​ឲ្យប៉ះពាល់ដល់បទឈប់បាញ់។

ចាប់តាំងពីបទឈប់បាញ់បានចូលជាធរមាននៅថ្ងៃទី១០ខែតុលា ជនជាតិប៉ាឡេស្ទីនជាង២៨០នាក់បានស្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល។ នេះបើយោងតាមក្រសួងសុខាភិបាលហ្គាហ្សា។

បទឈប់បាញ់ គឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងសម្របសម្រួលដោយសហរដ្ឋអាមេរិក ដែលភ្ជាប់ទៅនឹងផែនការសន្តិភាពពហុដំណាក់កាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដែលរួមមានការប្រគល់ចំណាប់ខ្មាំងមកវិញ ការរំសាយអាវុធរបស់ហាម៉ាស និងការដាក់ពង្រាយកម្លាំងរក្សាស្ថិរភាពអន្តរជាតិ។ ខណៈដែលចំណាប់ខ្មាំងដែលនៅរស់ទាំងអស់ត្រូវបានដោះលែងនៅដើមដំបូងនៃបទឈប់បាញ់ សាកសពចំណាប់ខ្មាំងបីនាក់នៅតែស្ថិតក្នុងហ្គាហ្សា ដែលធ្វើ​ឲ្យ​ដំណើរការ​បទ​ឈប់​បាញ់​នេះ​យឺតយ៉ាវ។

ក្នុង​សប្តាហ៍នេះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអនុម័តផែនការរបស់លោកត្រាំ ទោះបីជាហាម៉ាសបានច្រានចោលដំណោះស្រាយនេះថាបានបរាជ័យក្នុងការដោះស្រាយការទាមទាររបស់ប៉ាឡេស្ទីនក៏ដោយ។ ដំណោះស្រាយ​របស់​អង្គការ​សហប្រជាជាតិ​​លើក​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​មាន​សារៈសំខាន់​ក្នុង​ការ​ផ្តល់​ភាព​ស្របច្បាប់​ដល់​ស្ថាប័ន​អភិបាលកិច្ច​អន្តរកាល និង​ធានា​ដល់​ប្រទេស​ដែល​កំពុង​ពិចារណា​បញ្ជូន​ទ័ព​ទៅកាន់​ហ្គាហ្សា។ អត្ថបទ​នៃ​ដំណោះស្រាយ​នេះ​បាន​ចែង​ថា រដ្ឋ​ជា​សមាជិក​អាច​ចូលរួម​ក្នុង«ក្រុមប្រឹក្សា​សន្តិភាព (Board of Peace)» ដែល​ដឹកនាំ​ដោយ​លោកត្រាំ ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​អាជ្ញាធរ​អន្តរកាល​ដើម្បី​ត្រួតពិនិត្យ​ការ​កសាង​ឡើងវិញ និង​ការ​ស្តារ​សេដ្ឋកិច្ច​នៅ​ហ្គាហ្សា។ វា​ក៏​អនុញ្ញាត​ឲ្យ​មាន​កម្លាំង​ស្ថិរភាព​អន្តរជាតិ (International Stabilisation Force—ISF) ដែល​នឹង​ធានា​ដំណើរការ​នៃ​ការ​រំសាយ​យោធា​នៅ​ហ្គាហ្សា រួមទាំង​ការ​រឹបអូស​អាវុធ និង​ការ​បំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​យោធា។

សង្គ្រាមហ្គាហ្សាបានចាប់ផ្តើមបន្ទាប់ពីការវាយប្រហាររបស់ហាម៉ាសកាលពីថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ ដែលបានសម្លាប់មនុស្ស១២២១នាក់នៅក្នុងប្រទេសអ៊ីស្រាអែល។ យុទ្ធនាការយោធា​សងសឹក​​ជា​បន្តបន្ទាប់របស់អ៊ីស្រាអែល បានសម្លាប់មនុស្សយ៉ាងតិច៦៩៥១៣នាក់នៅក្នុង​តំបន់​ហ្គាហ្សា៕

អត្ថបទដែលជាប់ទាក់ទង