លោក អនុទីន ឆានវីរៈគុល បានបង្ហាញបេក្ខជន៣រូប សម្រាប់ការតែងតាំងឲ្យឈរឈ្មោះប្រជែងតំណែងនាយករដ្ឋមន្ត្រីខាងគណបក្សភូមិចៃថៃ

តាមការផ្សាយរបស់ Bangkok Post នៅថ្ងៃព្រហស្បតិ៍ទី២០ខែវិច្ឆិកាឆ្នាំ២០២៥, លោក អនុទីន ឆានវីរៈគុល បានបង្ហាញបេក្ខជន៣រូប សម្រាប់ការតែងតាំងឲ្យឈរឈ្មោះប្រជែងតំណែងនាយករដ្ឋមន្ត្រីខាងគណបក្សភូមិចៃថៃ ក្នុងការបោះឆ្នោតនាពេលខាងមុខ។

បេក្ខជនទាំង៣រួមមានលោកអនុទីនខ្លួនឯងផ្ទាល់, ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Ekniti Nitithanprapas និងលោកស្រី Suphajee Suthumpun ដែលជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។

ក្នុងនាមជាមេបក្សភូមិចៃថៃ លោកអនុទីនថ្លែងថា ឈ្មោះទាំងបីត្រូវតែដាក់ស្នើជាផ្លូវការទៅកាន់មហាសន្និបាតទូទៅរបស់គណបក្ស។ ប្រសិនបើកិច្ចប្រជុំអាចដំណើរការបាននៅថ្ងៃអាទិត្យនេះ ការតែងតាំងនឹងត្រូវបានដាក់ស្នើភ្លាមៗ ដោយរង់ចាំការបញ្ជាក់ចុងក្រោយនៃកាលកំណត់។

ការបង្ហាញពីសមាសភាពនេះកើតឡើងត្រឹមមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកអនុទីន ប្រាប់អ្នកសារព័ត៌មានថា លោកសុំ​ដក​ខ្លួន​ចេញ​ពី​អន្តរាគមន៍ក្នុងរឿងអាស្រូវដែលកំពុង​ស្អុយ​ឈ្មោះ​ខ្លាំង​នៅក្នុងកងកម្លាំងនគរបាលជាតិថៃ ដោយបញ្ជាក់ថា ទំនួលខុសត្រូវសម្រាប់ការស៊ើបអង្កេតបណ្តាញសូកប៉ាន់ដែលត្រូវបានចោទប្រកាន់ គឺស្ថិតនៅជាមួយអគ្គស្នងការនគរបាលជាតិទាំងស្រុង ពោល​គឺ​លោក​សុំ​តែ​មួយ​រួច​ខ្លួន​ប៉ុណ្ណោះ។

អនុទីននិយាយថា លោកបានដាក់ចេញនូវគោលនយោបាយទូលំទូលាយរួចហើយ ណាមួយ​ដោយសារ​លោក​កាន់តំណែងបានតែ​៤​ខែ លោកនឹងមិន​ចូល​ខ្លួន​ពាក់ព័ន្ធនឹងការរុះរើ ឬជម្លោះផ្ទៃក្នុងរបស់ប៉ូលិសនោះទេ។ តម្រូវការតែមួយគត់របស់លោក គឺចង់​ឲ្យ​ប៉ូលិសផ្តល់អាទិភាពដល់សុវត្ថិភាពសាធារណៈ និងផ្តល់លទ្ធផលដែលអាចមើលឃើញក្នុងការបង្ក្រាបលើក្រុមបោកប្រាស់ គ្រឿងញៀន អាជីវកម្មខុសច្បាប់ ផ្ទះបន និងទីតាំងល្បែងស៊ីសង៕

អត្ថបទដែលជាប់ទាក់ទង