ការប្រយុទ្ធនៅមីយ៉ាន់ម៉ា ខ្លាំងលើសដើម ឯទ័ពថៃនៅព្រំដែននោះ កំពុងត្រៀមខ្លួន
កងទ័ពថៃនៅឯព្រំដែនថៃ-មីយ៉ាន់ម៉ា កំពុងពង្រឹងកម្លាំងនិងប្រុងជើងការខ្ពស់បំផុត ស្របពេលការប្រយុទ្ធគ្នាក្នុងទឹកដីមីយ៉ាន់ម៉ា ឯណោះកាន់តែខ្លាំងទៅៗមិនថមថយសោះ។
តាមការផ្សាយរបស់ Amarin នៅថ្ងៃព្រហស្បតិ៍ទី២៧ខែវិច្ឆិកាឆ្នាំ២០២៥ ទាហានថៃបានចល័តតាមតំបន់ព្រំដែននិងបង្កើនវត្តមានលើសមុន ព្រោះថា សមរភូមិក្នុងប្រទេសជិតខាងមីយ៉ាន់ម៉ាឯណោះ បានឡើងកម្តៅខ្លាំងទៀតហើយ ពោលគឺកងកម្លាំងរដ្ឋាភិបាល ប្រយុទ្ធជាមួយក្រុមឧទ្ទាមកាន់តែខ្លាំងដៃ ឈានដល់ការប្រើប្រាស់អាវុធធុនធ្ងន់ រួមមានទាំងកាំភ្លើងយន្តថែមទៀតផង។
ការប្រយុទ្ធថ្មីនេះ ផ្ទុះឡើងក្នុងភូមិសាស្រ្ត Pa Sak នៃភូមិ Min La Pan ស្រុក Myawaddy ខេត្ត Myawaddy រដ្ឋការ៉ែន ដែលមានចម្ងាយមិនដល់មួយគីឡូមែត្រផងពីភូមិ Mai Mae Kon Ken ឃុំ Mahawan ស្រុក Mae Sot នៃខេត្ត Tak ប្រទេសថៃ។
ឆ្លើយតបទៅសភាពការណ៍កាន់តែមិនស្រួលនិងមានពេលខ្លះគ្រាប់កាំភ្លើង ហោះធ្លាយចូលដល់ដីថៃ ត្រូវចំផ្ទះពលរដ្ឋផងនោះ, កងកម្លាំង Rajamanu ថៃ បានដាក់ពង្រាយទ័ពនិងឃ្លាំមើលសភាពការណ៍យ៉ាងជាប់លាប់ ហើយនឹងបើកឆាកប្រយុទ្ធតែម្តង ប្រសិនបើចាំបាច់៕
ប្រភព៖ Amarin
