ប្រជាប្រិយភាពរបស់នាយករដ្ឋមន្ត្រីថៃ លោក អានុទីន បានធ្លាក់ចុះ រហូតដល់ទាបជាងមេដឹកនាំរបស់គណបក្សប្រឆាំងមួយនៅក្នុងប្រទេសថៃ ខណៈការបោះឆ្នោតសកលមុនអាណត្តិចូលមកដល់
(បាងកក)៖ ប្រជាប្រិយភាពរបស់នាយករដ្ឋមន្ត្រីថៃ លោក អានុទីន បានធ្លាក់ចុះ រហូតដល់ទាបជាងមេដឹកនាំរបស់គណបក្សប្រឆាំងមួយនៅក្នុងប្រទេសថៃ ខណៈការបោះឆ្នោតសកលមុនអាណត្តិចូលមកដល់។ នេះបើតាមការស្ទង់មតិមួយ ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Bloomberg។
ការស្ទង់មតិធ្វើឡើងចន្លោះពីថ្ងៃទី៤ ដល់ថ្ងៃទី១២ ខែធ្នូ ដោយវិទ្យាស្ថានជាតិនៃការអភិវឌ្ឍរដ្ឋបាល NIDA របស់ថៃបានរកឃើញថា ក្នុងចំណោមអ្នកដែលត្រូវបានសម្ភាសន៍ មាន១២.៣២ភាគរយបានគាំទ្រលោក អានុទីន ខណៈ ១៧.២ភាគរយបានគាំទ្រមេដឹកនាំគណបក្សប្រជាជនថៃ លោក Natthaphong Ruengpanyawut។ ការស្ទង់មតិនេះបើធ្វើការប្រៀបធៀបទៅនឹងការស្ទង់មតិកាលពីខែកញ្ញា បានបង្ហាញថាទាំងលោក អានុទីន និងលោក Natthaphong បានធ្លាក់ចុះប្រជាប្រិយភាពដូចគ្នា ដោយនៅពេលនោះការគាំទ្រសម្រាប់លោក អានុទីន មាន ២០.៤៤ភាគរយ រីឯលោក Natthaphong ទទួលបានការគាំទ្រ ២២.៨ភាគរយ។
តាមការស្ទង់មតិដដែល ប្រជាជនថៃដែលនិយាយថា ពួកគេមិនជឿថាមានបេក្ខជនស័ក្តិសមណាមួយសម្រាប់តំណែងនាយករដ្ឋមន្ត្រី បានកើនឡើងពី២៧.២៨ភាគរយ ដល់៤០.៦ភាគរយ។ គណៈកម្មការរៀបចំការបោះឆ្នោតថា បានប្រកាសកាលពីថ្ងៃចន្ទ ទី១៥ ខែធ្នូ ការបោះឆ្នោតសកលមុនអាណត្តិនឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦៕