យោធាអាមេរិក បានប្រកាសថា កងកម្លាំងរបស់ខ្លួន បានបើកការវាយប្រហារលើទូក៣គ្រឿងទៀត នៅក្នុងដែនទឹកអន្តរជាតិ ផ្តាច់ជីវិតបុរស៨នាក់

(វ៉ាស៉ីនតោន)៖​ យោធាអាមេរិក នាថ្ងៃចន្ទ ទី១៥ ខែធ្នូ បានប្រកាសថា កងកម្លាំងរបស់ខ្លួន បានបើកការវាយប្រហារលើទូក៣គ្រឿងទៀត នៅក្នុងដែនទឹកអន្តរជាតិ ផ្តាច់ជីវិតបុរស៨នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

យោធាអាមេរិកបាននិយាយថា ផ្អែកលើការផ្ទៀងផ្ទាត់ជាមួយព័ត៌មានចារម្ម ទូកទាំង៣គ្រឿងខាងលើ បានធ្វើដំណើរឆ្លងកាត់ច្រកផ្លូវដែល​គេស្គាល់ច្បាស់ថា ជាច្រកជួញដូរគ្រឿងញៀន នៅតំបន់ភាគខាងកើតមហាសមុទ្រប៉ាស៉ីហ្វិក ហើយទូកទាំងនោះ បានធ្វើសកម្មភាព​ជួញដូរគ្រឿងញៀនផ្ទាល់។

គិតមកទល់ពេលនេះ សហរដ្ឋអាមេរិក បានវាយប្រហារលើទូកសរុបលើស២០គ្រឿង នៅមហាសមុទ្រប៉ាស៉ីហ្វិក និងនៅសមុទ្រ Caribbean ក្បែរប្រទេសវ៉េណេស៊ុយអេឡា ក្រោមយុទ្ធនាការយោធា ដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានចាបផ្តើមឡើងកាលពីខែកញ្ញា ដើម្បីប្រឆាំងសកម្មភាពរត់ពន្ធគ្រឿងញៀន នៅក្នុងតំបន់។

គួរបញ្ជាក់ថា ជនសង្ស័យរត់ពន្ធគ្រឿងញៀន សរុបយ៉ាងហោច៩០នាក់ហើយ ត្រូវបានសម្លាប់ក្នុងយុទ្ធនាការយោធារបស់អាមេរិក។ រដ្ឋបាលលោក ត្រាំ បានព្យាយាមការពារភាពស្របច្បាប់នៃការវាយប្រហារទាំងនេះ ប៉ុន្តែអ្នកជំនាញផ្នែកច្បាប់មួយចំនួន កន្លងមក​បានលើកឡើងថា វាស្មើទៅនឹងការសម្លាប់មនុស្សក្រៅប្រព័ន្ធយុត្តិធម៌៕

អត្ថបទដែលជាប់ទាក់ទង