ឡាវខឹងថៃរឿងបិទច្រក Chong Mek ដោយប្រាប់យ៉ាងច្បាស់ថា ប្រេងនាំចូលគឺសម្រាប់តែប្រើក្នុងស្រុកប៉ុណ្ណោះ
ប្រទេសឡាវមិនសប្បាយចិត្តឡើយនិងកំពុងខឹងថៃរឿងបិទច្រកព្រំដែន Chong Mek ដោយរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មឡាវ Malaitong Kommasith បានប្រាប់ទៅរដ្ឋមន្ត្រីក្រសួងថាមពលថៃថា ប្រេងដែលនាំចូល គឺសម្រាប់តែការប្រើប្រាស់ក្នុងស្រុកប៉ុណ្ណោះ។
ប្រតិកម្មបែបនេះគឺជាការឆ្លើយតបទៅការបិទច្រកនាំចេញប្រេងឥន្ធនៈ និងសម្ភារៈយោធាតាមច្រកព្រំដែន Chong Mek នៃខេត្ត ឧប៊ុនរ៉ាចាថានី ដែលមានព្រំប្រទល់ជាប់នឹងខេត្តភាគខាងត្បូងឡាវ។
ការបិទនោះបណ្តាលឲ្យរថយន្តដឹកប្រេងប្រហែល ៨០ គ្រឿង ដែលអាចផ្ទុកប្រេងឥន្ធនៈជាង ៤ លានលីត្រ ត្រូវជាប់គាំង និងរង់ចាំនៅច្រកត្រួតពិនិត្យ Chong Mek។
យ៉ាងណារឿងនេះធ្វើឲ្យឡាវខឹង ដល់ថ្នាក់លោក Kommasith ចេញមុខមកបញ្ជាក់យ៉ាងច្បាស់កាលពីថ្ងៃអង្គារទី១៦ខែធ្នូឆ្នាំ២០២៥ថា មិនមានការនាំប្រេងបន្តចូលមកកម្ពុជាឡើយ ពោលគឺប្រេងទាំងអស់គឺសម្រាប់តែប្រើក្នុងប្រទេសឡាវប៉ុណ្ណោះ។
ពាក់ព័ន្ធបញ្ហានេះដែរ អ្នកនាំពាក្យក្រសួងការពារជាតិថៃ លោក ស៊ូរ៉ាសាន់ គង់ស៊ីរី កាលពីថ្ងៃចន្ទ បានសុំទោសរួចហើយ ដល់ប្រជាជនឡាវដែលអាចរងផលប៉ះពាល់។
សូមជម្រាបថា ថៃបានចេញបញ្ជាហាមឃាត់នៅច្រក Chong Mek ដោយអះអាងថា កម្ពុជាអាចទិញប្រេង និងទំនិញយុទ្ធសាស្រ្តដោយប្រើឡាវជាច្រកឆ្លងកាត់។
យ៉ាងណាមិញ កម្ពុជា បានហាមឃាត់ការនាំចូលប្រេងឥន្ធនៈថៃតាំងពីចុងខែមិថុនាមកម្ល៉េះ ដោយបង្កើនការផ្គត់ផ្គង់ពីវៀតណាម និងសិង្ហបុរីជាដើម ខណៈទំនិញផ្សេងៗដែលនាំចូលពីថៃ ក៏ធ្លាក់ចុះខ្លាំងគួរឲ្យកត់សម្គាល់ផងដែរ ដោយការបិទព្រំដែនគោករវាងប្រទេសទាំង២៕
