ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រកាសពីគម្រោងផលិតនាវាចម្បាំងថ្មីដាក់ឈ្មោះរបស់លោកផ្ទាល់
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទ ទី២២ ខែធ្នូ បានប្រកាសពីគម្រោងផលិតនាវាចម្បាំងកម្រិតថ្មីមួយប្រដាប់ដោយអាវុធធុនធ្ងន់ដែលដាក់ឈ្មោះរបស់លោកផ្ទាល់ ដែលជាធម្មតា ជាការផ្ដល់កិត្តិយសមួយសម្រាប់មេដឹកនាំអាមេរិកដែលផុតអាណត្តិ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
លោក ដូណាល់ ត្រាំ បានឱ្យដឹងថានាវាចម្បាំងថ្មី២គ្រឿងដំបូងនៃនាវាចម្បាំងឈ្មោះត្រាំ (Trump) នឹងត្រូវបានសាងសង់ឡើង ហើយនឹងត្រូវបង្កើនចំនួនផលិត។ តាមលោក ត្រាំ នាវាចម្បាំងនេះនឹងក្លាយជា នាវាចម្បាំងដ៏កំណាច និងធំបំផុតមួយនៅក្នុងប្រវត្តិសាស្ត្ររបស់សហរដ្ឋអាមេរិក។ លោក ត្រាំ ធ្វើការប្រកាសពីគម្រោងផលិតនាវាចម្បាំងថ្មីខាងលើ នៅឯភូមិគ្រឹះ Mar-a-Lago របស់លោកក្នុងរដ្ឋ Florida រួមជាមួយប្រមុខមន្ទីរបញ្ចកោណ លោក Pete Hegseth រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio និងរដ្ឋមន្ត្រីកងទ័ពជើងទឹកអាមេរិក លោក John Phelan រួមជាមួយរូបភាពនៃគំរូនាវាចម្បាំង នៅក្បែរនោះ។
នៅពេលត្រូវបានសាកសួរថាតើគម្រោងផលិតនាវាចម្បាំងថ្មីមានគោលដៅទប់ទល់នឹងចិនឬក៏យ៉ាងណា? លោក ត្រាំ បានបដិសេធផ្ដល់សេចក្ដីលម្អិត ដោយគ្រាន់តែនិយាយថានាវាចម្បាំងថ្មីនេះសម្រាប់ទប់ទល់ ជាមួយភាគីទាំងអស់ មិនមែនចិនទេ។ យើងមានទំនាក់ទំនងដ៏ល្អជាមួយចិន។ លោកបន្ថែមថានាវាចម្បាំងត្រាំនឹងមានទម្ងន់ចន្លោះពី ៣០ ០០០ ដល់៤០ ០០០តោន ហើយនឹងត្រូវបានបំពាក់ដោយមីស៊ីល និងកាំភ្លើង ព្រមទាំងប្រព័ន្ធអាវុធដែលកំពុងស្ថិតនៅក្រោមការអភិវឌ្ឍ ដូចជាឡាស៊ែរ និងមីស៊ីលល្បឿនលឿនជាងសំឡេង៕