ម៉ាឡេស៊ី៖ អាស៊ានគួរតែយកមេរៀនដែលធ្លាប់ឆ្លងកាត់ពីមុនមកធ្វើជាគោល
ក្នុងអំឡុងកិច្ចប្រជុំពិសេសនៃរដ្ឋមន្ត្រីការបរទេសអាស៊ាននៅថ្ងៃចន្ទទី២២ខែធ្នូឆ្នាំ២០២៥ លោក Mohamad Hasan រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី បានលើកឡើងថា៖ «អាស៊ានគួរតែយកមេរៀនដែលធ្លាប់ឆ្លងកាត់កាលពីមុនមកធ្វើជាគោល ក្នុងការដោះស្រាយបញ្ហា»។
ថ្លែងក្នុងកិច្ចប្រជុំនៅទីក្រុងគូឡាឡាំពួ Mohamad បញ្ជាក់ថា៖ «អាស៊ានត្រូវតែធ្វើអ្វីគ្រប់យ៉ាងដែលចាំបាច់ដើម្បីរក្សាសន្តិភាពនិងស្ថិរភាពក្នុងតំបន់។ កិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយស្ថានភាពកម្ពុជា-ថៃ ត្រូវតែលើសពីការបន្ធូរបន្ថយភាពតានតឹង»។
លោកបន្តថា៖ «អាស៊ានគួរតែយកមេរៀនដែលធ្លាប់ឆ្លងកាត់កាលពីមុនមកធ្វើជាគោល ដោយផ្អែកលើ បញ្ញាញាណ សាមគ្គីភាព និងទំនុកចិត្ត ដែលកត្តាទាំងនេះហើយ ធ្វើឲ្យតំបន់នេះឆ្លងផុតដំណាក់កាលនៃភាពវឹកវរនានា»។
សម្រាប់ពាក្យ «មេរៀនពីអតីតកាល» ត្រូវគេមើលឃើញថា គឺលោក Mohamad ចង់រំលឹកដល់ជម្លោះកម្ពុជា-ថៃ ជុំវិញប្រាសាទព្រះវិហារកាលពីឆ្នាំ ២០១១ ដែលកាលនោះ អាស៊ាន (ក្រោមការដឹកនាំរបស់ឥណ្ឌូណេស៊ី) បានដើរតួជាអ្នកសម្របសម្រួលដោយជោគជ័យ រហូតឈានដល់ការបញ្ជូនអ្នកសង្កេតការណ៍មកកាន់ព្រំដែន៕
ប្រភព៖ Bernama