អាមេរិកបង្ហើបពីពេលវេលា ដែលចិនត្រៀមវាយយកតៃវ៉ាន់
ប្រទេសចិនជឿជាក់ថា ខ្លួននឹងមានសមត្ថភាពក្នុងការចូលឈ្លានពានកោះតៃវ៉ាន់ដោយប្រើកម្លាំងបាយ និងបញ្ចប់ការគ្រប់គ្រងទាំងស្រុងត្រឹមឆ្នាំ២០២៧ ដែលនេះបង្ហាញឲ្យឃើញនូវអ្វីដែលមន្ត្រីអាមេរិកពិពណ៌នាថា ជាការកសាងកម្លាំងយោធាយ៉ាងរហ័សដោយទីក្រុងប៉េកាំង។ នេះបើតាមរបាយការណ៍របស់មន្ទីរបញ្ចកោណ ដែលទីភ្នាក់ងារសារព័ត៌មានរ៉យទ័រទទួលបាន។
របាយការណ៍បានលើកឡើងថា ចិនរំពឹងថានឹងអាច«វាយប្រយុទ្ធ និងឈ្នះសង្គ្រាមលើកោះតៃវ៉ាន់នៅត្រឹមចុងឆ្នាំ២០២៧» ដោយប្រើប្រាស់យុទ្ធសាស្ត្រជាច្រើន រួមទាំងការវាយប្រហាររយៈចម្ងាយឆ្ងាយដែលបាញ់ចេញពីចម្ងាយរហូតដល់ ២០០០ម៉ាយ។
មន្ទីរបញ្ចកោណក៏បានរកឃើញផងដែរថា ប្រទេសចិនបានដាក់ពង្រាយមីស៊ីលផ្លោងអន្តរទ្វីបប្រហែល១០០គ្រាប់ នៅតាមវាលបញ្ឈរមីស៊ីល ដែលទើបនឹងសាងសង់ថ្មីចំនួនបីកន្លែង ដែលនេះកាន់តែបង្កើនការព្រួយបារម្ភនៅទីក្រុងវ៉ាស៊ីនតោនអំពីការពង្រីកសមត្ថភាពនុយក្លេអ៊ែររបស់ចិន។
ប្រទេសចិន ដែលចាត់ទុកកោះតៃវ៉ាន់ដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យថាជាផ្នែកនៃទឹកដីរបស់ខ្លួន បាននិយាយដដែលៗថា ខ្លួននឹងមិនបោះបង់ការប្រើប្រាស់កម្លាំងបាយ ដើម្បីសម្រេចបាននូវអ្វីដែលខ្លួនហៅថា «ការបង្រួបបង្រួមជាតិឡើងវិញ» នោះឡើយ៕