ក្រសួងអំពាវនាវឱ្យប្រើប្រេងឥន្ធនៈសន្សំសំចៃ ព្រោះសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា ធ្វើឱ្យតម្លៃប្រេងកើនឡើង និង បង្អាក់ការផ្គត់ផ្គង់ប្រេងជាសកល
នៅថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២៦ នេះ តាមរយៈអ្នកនាំពាក្យរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមមេត្តាប្រើប្រាស់ប្រេងឥន្ធនៈដោយសន្សំសំចៃ ខណៈតម្លៃប្រេងចាប់ផ្តើមកើនឡើង ដោយសារការផ្ទុះសង្គ្រាមនៅតំបន់មជ្ឈឹមបូព៌ា បណ្តាលឱ្យកាត់ផ្តាច់នូវការផ្គត់ផ្គង់ប្រេង។
រដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មានក្នុងស្រុក នៅព្រឹកថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២៦ នេះ ឱ្យបានដឹងថា ក្រសួងពាណិជ្ជកម្ម ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះការកើនឡើងនៃតម្លៃប្រេង និង ស្តុកប្រេងរបស់ក្រុមហ៊ុននាំចូល ដើម្បីធានាដល់ការផ្គត់ផ្គង់ប្រេងក្នុងប្រទេសកម្ពុជា។
លោក ប៉ែន សុវិជាតិ បានប្រាប់ប្រភពព័ត៌មានឱ្យដឹងបន្ថែមថា ក្នុងករណីតម្លៃប្រេងកើនឡើង ដើម្បីបន្ថយបន្ទុកចំណាយរបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលនឹងធ្វើការឧបត្ថម្ភធន ដើម្បីបញ្ចុះថ្លៃប្រេងដល់ប្រជាពលរដ្ឋ។
បន្ថែមពីនេះ ក្រសួងស្ថាប័នពាក់ព័ន្ធនឹងបន្តប្រឹងប្រែងស្វែងរកប្រភពផ្គត់ផ្គង់ប្រេង ដើម្បីធានាឱ្យស្តុកប្រេង សម្រាប់រយៈពេល ១ ខែ ដូចពេលមុនៗ។
តាមប្រភពបានបន្តថា យ៉ាងណាក្រសួងពាណិជ្ជកម្ម ក៏រំពឹងថាសង្គ្រាមនៅតំបន់មជ្ឈឹមបូព៌ានឹងបញ្ចប់ក្នុងពេលឆាប់ៗ ដែលនឹងធ្វើឱ្យតម្លៃ និង ការផ្គត់ផ្គង់ប្រេងត្រឡប់មករកប្រក្រតីភាពឡើងវិញ ហើយប្រសិនសង្គ្រាមអូសបន្លាយយូរ សង្ឃឹមថាអាមេរិកនឹងបញ្ចេញស្តុកប្រេង ដើម្បីបន្ថយសម្ពាធជាអន្តរជាតិមួយនេះ៕
