អាមេរិកប្រកាសបិទទ្វារស្ថានទូតនៅអារ៉ាប៊ីសាអូឌីតនិងកូវ៉ែត ក្រោយរងការវាយប្រហារសងសឹកពីអ៉ីរ៉ង់

(មជ្ឈិមបូព៌ា)៖ នាថ្ងៃអង្គារ ទី៣ ខែមីនា សហរដ្ឋអាមេរិក បានប្រកាសបិទទ្វារស្ថានទូតរបស់ខ្លួន នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតនិងកូវ៉ែត បន្ទាប់ពីរងការវាយប្រហារសងសឹករបស់អ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ស្ថានទូតអាមេរិកនៅទីក្រុងរីយ៉ាដនៃអារ៉ាប៊ីសាអូឌីត បានប្រកាសថា ខ្លួនសម្រេចបិទទ្វារ និងលុបចោលការផ្តល់សេវាកម្មទាំងអស់ នាថ្ងៃអង្គារនេះ ក្រោយស្ថិតក្រោមការវាយប្រហារដោយយន្តហោះដ្រូន ដែលបានបង្កឱ្យមានអគ្គិភ័យឆាបឆេះ និងការខូចខាតសម្ភារមួយចំនួន ប៉ុន្តែមិនបង្កឱ្យមានមនុស្សរងគ្រោះថ្នាក់ទេ។

ចំណែកឯស្ថានទូតអាមេរិកនៅកូវ៉ែតវិញ ក៏បានចេញសេចក្តីប្រកាសបិទទ្វារជាបណ្តោះអាសន្នផងដែរ រហូតដល់មានការជូនដំណឹងថ្មី ដោយសារតែភាពតានតឹងក្នុងតំបន់។ ការប្រកាសផ្អាកធ្វើប្រតិបត្តិការនេះ គឺកើតមានមួយថ្ងៃបន្ទាប់ពីភ្នាក់ងាររបស់ AFP បានមើលឃើញមានផ្សែងខ្មៅហុយឡើងលើផ្ទៃមេឃ ចេញពីបរិវេណស្ថានទូត ក្រោយការវាយប្រហាររបស់អ៉ីរ៉ង់លើប្រទេសកូវ៉ែត។

គួរបញ្ជាក់ថា ភ្លើងជម្លោះមជ្ឈិមបូព៌ាបានឆាបឆេះឡើង ក្រោយការបំផ្ទុះសង្រ្គាមផ្លូវអាកាសរួមគ្នារវាងសហរដ្ឋអាមេរិកនិងអ៉ីស្រាអែល កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន ដែលបានសម្លាប់ក្រុមមន្រ្តីជាន់ខ្ពស់របស់អ៉ីរ៉ង់ រួមមានទាំងមេដឹកនាំកំពូល លោក Ayatollah Ali Khamenei។ ជាការឆ្លើយតប ទីក្រុងតេហេរ៉ង់បានបើកការវាយប្រហារ ដោយមីស៉ីលនិងយន្តហោះដ្រូន លើអ៉ីស្រាអែលព្រមទាំង​ក្រុមប្រទេសឈូងសមុទ្រ ដែលមានមូលដ្ឋានទ័ពអាមេរិក នៅពាសពេញតំបន់៕

អត្ថបទដែលជាប់ទាក់ទង