អ៉ីស្រាអែលបញ្ជូនកងទ័ពបន្ថែម ទៅឈរជើងនៅភាគខាងត្បូងលីបង់
(ហ្ស៊េរុយសាឡិម)៖ យោធាអ៉ីស្រាអែល បានដាក់ពង្រាយកងទ័ពបន្ថែមទៅកាន់ភាគខាងត្បូងលីបង់ ដើម្បីឈរជើងនៅកន្លែងដែលអ្នកនាំពាក្យយោធាម្នាក់ ពិពណ៌នាថាជាទីតាំងឈរជើងថ្មី សម្រាប់ការពារជនស៉ីវិលអ៉ីស្រាអែល និងជាទីតាំងយុទ្ធសាស្ត្រសម្រាប់ទប់ស្កាត់ការវាយប្រហារណាមួយ ដែលអាចកើតមានរបស់ក្រុមហេសបូឡា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី៣ ខែមីនា ឆ្នាំ ២០២៦។
លោក Nadav Shoshani បានប្រាប់អ្នកសារព័ត៌មាន ក្នុងសន្និសីទសារព័ត៌មានតាមអនឡាញថា «យើងគ្រាន់តែឈរនៅតំបន់ច្រកព្រំដែន ដើម្បីទប់ស្កាត់ការវាយប្រហារលើជនស៉ីវិល និងជាទីតាំងយុទ្ធសាស្រ្តដ៏សំខាន់មួយ»។ ដោយឡែក នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋមន្រ្តីការពារជាតិអ៉ីស្រាអែល លោក Israel Katz បានលើកឡើងថា លោកបានអនុញ្ញាតឱ្យយោធាឈានទៅមុខ និងគ្រប់គ្រងទីតាំងបន្ថែមនៅលីបង់ បន្ទាប់ពីក្រុមហេសបូឡា បាញ់រ៉ុក្កែតមកលើអ៉ីស្រាអែល កាលពីថ្ងៃអាទិត្យ ជាការឆ្លើយតបនឹងការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែលលើអ៉ីរ៉ង់។
គួរបញ្ជាក់ថា កងទ័ពអ៉ីស្រាអែល បានកាន់កាប់ទីតាំងចំនួន ៥នៅភាគខាងត្បូងលីបង់ ចាប់តាំងពីឆ្នាំ ២០២៤៕
