មេទ័ពអ៉ីរ៉ង់ប្រកាសមិនចុះចាញ់សង្រ្គាម ខណៈអាមេរិកប្រាប់ឱ្យអ៉ីស្រាអែល បន្តសង្រ្គាមដល់ទីបញ្ចប់
(តេហេរ៉ង់)៖ មេទ័ពអ៉ីរ៉ង់ លោក Kioumars Heydari បានប្រកាសប្តេជ្ញាថា អ៉ីរ៉ង់នឹងមិនបោះបង់ចោលសង្រ្គាមនាពេលនេះឡើយ រហូតទាល់តែសម្រេចគោលដៅ ហើយធ្វើឱ្យអាមេរិករាងចាលចំពោះទង្វើមិនអាចទទួលយកបានរបស់ខ្លួន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Aljazeera នាថ្ងៃព្រហស្បតិ៍ ទី៥ ខែមីនា ឆ្នាំ២០២៦។
លោក Heydari ដែលជាមេបញ្ជាការរងនៃទីបញ្ជាការកណ្តាល Khatam al-Anbia របស់កងកម្លាំងប្រដាប់អាវុធអ៉ីរ៉ង់ បាននិយាយយ៉ាងដូច្នេះថា «យើងមិនខ្វល់ឡើយថា តើសង្រ្គាមនេះនឹងបន្តរយៈពេលយូរប៉ុនណា។ យើងធ្លាប់ឆ្លងកាត់សង្រ្គាម៨ឆ្នាំ ហើយយើងនឹងបញ្ចប់សង្រ្គាមនេះ លុះត្រាតែនៅពេលយើងសម្រេចកម្មវត្ថុទាំងអស់របស់យើង ហើយធ្វើឱ្យសត្រូវស្តាយក្រោយនិងទួញសោក ដោយសារតែទង្វើដ៏ថោកទាបរបស់ខ្លួន»។
ដោយឡែក នាថ្ងៃព្រហស្បតិ៍នេះ រដ្ឋមន្រ្តីការពារជាតិអ៉ីស្រាអែល លោក Israel Katz បានអះអាងថា សមភាគីអាមេរិក លោក Pete Hegseth បានបញ្ជាក់ប្រាប់លោកថា ទីក្រុងវ៉ាស៉ីនតោននៅបន្តគាំទ្រយ៉ាងរឹងមាំ ចំពោះប្រតិបត្តិការយោធារួមគ្នារវាងប្រទេសទាំងពីរប្រឆាំងនឹងអ៉ីរ៉ង់ ហើយបានលើកទឹកចិត្តឱ្យលោកបន្តប្រតិបត្តិការនេះ រហូតដល់ទីបញ្ចប់។
គួរបញ្ជាក់ថា សង្រ្គាមនៅមជ្ឈិមបូព៌ា បានបន្តដល់ថ្ងៃទី៦ហើយ គិតចាប់តាំងពីអ៉ីស្រាអែលនិងអាមេរិក បានរួមដៃគ្នាបើកការវាយប្រហារតាមផ្លូវអាកាសយ៉ាងខ្លាំងក្លា លើប្រទេសអ៉ីរ៉ង់ រហូតបណ្តាលឱ្យស្លាប់មេដឹកនាំកំពូលរបស់អ៉ីរ៉ង់។ ជាការសងសឹក អ៉ីរ៉ង់បានវាយប្រហារតបវិញលើអ៉ីស្រាអែល ព្រមទាំងលើបណ្តាប្រទេសក្នុងតំបន់ដែលជាសម្ព័ន្ធមិត្តអាមេរិក៕
