ទាហានបារាំងម្នាក់ស្លាប់ និងមួយចំនួនរងរបួស ក្នុងការវាយប្រហារនៅតំបន់ Kurdistan របស់អ៉ីរ៉ាក់ ចំពោះមុខសង្រ្គាមមជ្ឈិមបូព៌ា
(ប៉ារីស)៖ នាថ្ងៃសុក្រ ទី១៣ ខែមីនា ប្រធានាធិបតីបារាំង លោក Emmanuel Macron បានប្រកាសឱ្យដឹងថា ទាហានបារាំងម្នាក់ បានបាត់បង់ជីវិត ហើយមួយចំនួនទៀតបានរងរបួស ក្នុងការវាយប្រហារនៅតំបន់ស្វយ័ត Kurdistan របស់ប្រទេសអ៉ីរ៉ាក់ ចំពោះមុខសង្រ្គាមដែលកំពុងបន្តឆាបឆេះនៅតំបន់មជ្ឈិមបូព៌ា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
លោក Macron បានបង្ហោះសារលើបណ្តញាសង្គមថា សមាជិកម្នាក់នៃកងកម្លាំងប្រដាប់អាវុធបារាំង បានស្លាប់អំឡុងការវាយប្រហារមួយ នៅតំបន់ Erbil របស់អ៉ីរ៉ាក់ ហើយទាហានប៉ុន្មាននាក់ទៀត ក៏បានរងរបួសផងដែរ ប៉ុន្តែលោកមិនបាននិយាយចំៗថា នរណានៅពីក្រោយការវាយប្រហារនោះឡើយ។ យ៉ាងណាមិញ មុនការប្រកាសរបស់លោក Macron ក្រុមសកម្មប្រយុទ្ធអ៉ីរ៉ាក់ដែលគាំទ្រអ៉ីរ៉ង់ បានព្រមានថា ឥឡូវផលប្រយោជន៍បារាំងនៅក្នុងតំបន់ ក៏បានក្លាយជាគោលដៅដែរ បន្ទាប់ពីការមកដល់នៃនាវាផ្ទុកយន្តហោះចម្បាំងបារាំង ក្នុងដែនធ្វើប្រតិបត្តិការនៃទីបញ្ជាការ CENTCOM របស់យោធាអាមេរិក។
គួរបញ្ជាក់ថា ចាប់តាំងពីការវាយប្រហារតាមអាកាសរបស់អាមេរិកនិងអ៉ីស្រាអែល លើអ៉ីរ៉ង់កាលពីចុងខែមុន បានបង្កជាសង្រ្គាមឆាបឆេះទូទាំងតំបន់មជ្ឈិមបូព៌ា ការវាយប្រហារជាបន្ទាប់ធ្វើឡើងដោយក្រុមសកម្មប្រយុទ្ធគាំទ្រអ៉ីរ៉ង់ បានកំណត់គោលដៅក្នុងតំបន់ នៅតាមកន្លែងកងកម្លាំងបរទេសកំពុងឈរជើង ក្រោមក្របខណ្ឌប្រតិបត្តិការអន្តរជាតិប្រឆាំងក្រុមភេរវករ៕
