សាលាដំបូងខេត្តព្រះសីហនុ សម្រេចផ្តន្ទាទោសជនជាតិ ចិន​-​វៀតណាម​៤នាក់​ដាក់ពន្ធនាគារ១ជីវិត បុរសជនជាតិខ្មែរម្នាក់ជាប់​ពន្ធនាគារ២០ឆ្នាំ

ចិននិងវៀតណាម ៤នាក់ត្រូវបានសាលាដំបូងខេត្តព្រះសីហនុ សម្រេចផ្ដន្ទាទោសដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត ចំណែកជនជាតិខ្មែរម្នាក់ដាក់​ពន្ធនាគារ​រយៈពេល ២០​ឆ្នាំ​ ពាក់ព័ន្ធករណី​ល្មើស ផលិតជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន, សម្អាតប្រាក់ និងប្រើប្រាស់អាវុធដោយគ្មានលិខិតអនុញ្ញាតដែល​បាន​ប្រព្រឹត្ត​កាលពីឆ្នាំ២០២៤។

ជនជាប់ចោទ​ដែល​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​មួយជីវិត​មាន​ឈ្មោះ ដូ ធានក្វាង (Do Thien Quang) ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិវៀតណាម, និង​ជនជាតិ​ចិន​៣​នាក់ឈ្មោះ ស៊ាវ ឈីហុង (Xiao Qihong) អាយុ៣៣ឆ្នាំ, ចាង ឈូយី (Zhang Chu Yu) ភេទស្រី អាយុ៣២ ឆ្នាំ និង ថា ចាងវ័យ (Tang Zhang Wei) ភេទប្រុស អាយុ៣៨ឆ្នាំ ត្រូវ​ពិន័យជាប្រាក់ចំនួន ២០០.០០០.០០០៛ (ពីររយលាន) រៀល និង ជនជាតិខ្មែរ​ម្នាក់​ឈ្មោះ ហេង រិទ្ធថា អាយុ ៣៨ឆ្នាំ ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ ២០​ឆ្នាំ​ ពិន័យ​ប្រាក់ ១០០​លានរៀល ពី​បទ​សំគំនិត​ផលិត ជួញដូរ​គ្រឿងញៀន និង​សម្អាត​ប្រាក់។

ក្នុងនោះផងដែរ ហាមឃាត់ជនជាប់ចោទ (ជនជាតិចិន និងជនជាតិវៀតណាម) ចំពោះការចូល និងស្នាក់នៅក្នុងដែនដី ព្រះរាជាណាចក្រកម្ពុជា ជាស្ថាពរចំពោះជនជាប់ចោទដែលត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត។ ចំពោះ ជនជាប់ចោទផ្សេងទៀត ត្រូវបានហាមឃាត់ចំពោះការចូល និងការស្នាក់នៅក្នុងដែនដីនៃព្រះរាជាណាចក្រកម្ពុជា ផងដែរ។

គួររំលឹកផងដែរថា ក្រុមឧក្រិដ្ឋជន ទាំងនេះត្រូវបានកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនបង្ក្រាបនៅខេត្តព្រះសីហនុ កាលពីថ្ងៃទី១៥ ខែមិថុនា ដោយរឹបអូសបានគ្រឿងញៀនសុទ្ធទម្ងន់ជាង៥០គីឡូ និងសារធាតុផ្សំជាគ្រឿងញៀនមួយចំនួនធំ សម្ភារៈផលិតគ្រឿងញៀន កាំភ្លើង២ដើម។ ចំពោះជនល្មើសទាំងនេះមានជនជាតិចិន ជនជាតិវៀតណាម និងខ្មែរផងដែរ៕

អត្ថបទដែលជាប់ទាក់ទង