ចាប់ផ្តើមមានមន្ត្រីកំពូល លាលែងពីរដ្ឋបាលលោកត្រាំហើយ ព្រោះខឹងថា ហេតុអ្វីធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់
ពេលនេះ មន្ត្រីកំពូលក្នុងរង្វង់រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានចាប់ផ្តើមមានអ្នកដើរចេញហើយ ព្រោះមិនអាចទ្រាំមើលការធ្វើសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់បាន។
លោក Joe Kent ដែលជាមេមជ្ឈមណ្ឌលប្រឆាំងភេរវកម្មជាតិ (NCTC) គឺជាមន្ត្រីកំពូលដំបូងគេក្នុងរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនក្រោមការដឹកនាំរបស់គណបក្សសាធារណរដ្ឋ ដែលសម្រេចលាលែងពីតំណែង ដើម្បីប្រឆាំងតវ៉ាទៅនឹងសង្គ្រាម ដែលលោកអះអាងថា រឿងរបស់អ៊ីស្រាអែលសោះ តែបែរជាទាញអាមេរិក ឲ្យចូលទៅជាមួយដែរ។
ក្នុងលិខិតលាលែងបង្ហោះលើបណ្តាញសង្គម X និងត្រូវបានយកមកផ្សាយដោយសារព័ត៌មាន RT កាលពីថ្ងៃអង្គារទី១៧ខែមីនាឆ្នាំ២០២៦ លោក Kent សរសេរថា៖ «ខ្ញុំមិនអាចគាំទ្រសង្រ្គាមដែលកំពុងបន្តនៅអ៊ីរ៉ង់បានឡើយ។ អ៊ីរ៉ង់មិនបង្កការគំរាមកំហែងចំពោះមុខដល់ប្រជាជាតិយើងទេ។ វាច្បាស់ណាស់ថា យើងបានចាប់ផ្ដើមសង្រ្គាមនេះ ដោយសារតែសម្ពាធពីអ៊ីស្រាអែល និងក្រុមអ្នកបញ្ចុះបញ្ចូល ដ៏មានឥទ្ធិពលរបស់អាមេរិក»។
លោក Kent អះអាងថា៖ «លោក ត្រាំ បានធ្លាក់ខ្លួនជាជនរងគ្រោះនៃយុទ្ធនាការផ្តល់ព័ត៌មានមិនពិត ដែលរៀបចំឡើងដោយអ៊ីស្រាអែល ដើម្បីបោកបញ្ឆោតឲ្យលោកជឿថា ទីក្រុងតេហេរ៉ង់គឺជាការគំរាមកំហែង។ ការភូតភរស្រដៀងគ្នានេះ ក៏ធ្លាប់ត្រូវបានប្រើប្រាស់ដើម្បីអូសទាញអាមេរិកឲ្យចូលក្នុងសង្រ្គាមជាមួយអ៊ីរ៉ាក់ កាលពីឆ្នាំ២០០៣ដែរ»។
សូមជម្រាបថា លោក Kent ត្រូវបានលោក ត្រាំ តែងតាំងនៅខែកក្កដាឆ្នាំ២០២៥ ឲ្យចូលកាន់តំណែងជានាយក NCTC ដែលជាស្ថាប័នកំពូលរបស់អាមេរិកក្នុងការវិភាគ និងតាមដានរាល់ការគំរាមកំហែងភេរវកម្មជុំវិញពិភពលោក។
លោកគឺជាអតីតទាហានមួកបៃតងនៃកងទ័ពពិសេសអាមេរិក ដោយធ្លាប់ឆ្លងកាត់សមរភូមិបាញ់បោះពិតៗដល់ទៅ១១ដង នៅក្នុងតំបន់មជ្ឈិមបូព៌ា និងតំបន់គ្រោះថ្នាក់ផ្សេងៗ។ អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍ គឺលោកក៏ធ្លាប់បម្រើការជាមន្ត្រីនៅក្នុងទីភ្នាក់ងារសម្ងាត់ CIA ផងដែរ។
ពេលនេះ គឺមើលឃើញថា ប្រហែលជានឹងមានមន្ត្រីជាបន្តបន្ទាប់ទៀតក្នុងជួររដ្ឋាភិបាលអាមេរិក ដែលអាចលាលែងតំណែង ដើម្បីបង្ហាញការជំទាស់ទៅនឹងលោកត្រាំ ដែលធ្វើសង្គ្រាមប្រឆាំងអ៊ីរ៉ង់ តាមការចង់បានរបស់អ៊ីស្រាអែល៕
ប្រភព៖ RT