អ៊ីរ៉ង់បញ្ជាក់ពីមរណភាពប្រធានសន្តិសុខកំពូលរបស់ខ្លួន លោក Ali Larijani
លេខាធិការដ្ឋាននៃប្រទេសអ៊ីរ៉ង់ បានប្រកាសជាផ្លូវការអំពីការបាត់បង់ជីវិតរបស់ប្រធានសន្តិសុខកំពូលលោក Ali Larijani ដោយបានលើកតម្កើងរូបលោកថាជា «អ្នកបម្រើដ៏ស្មោះត្រង់របស់ព្រះ» ដែលបានលះបង់ពេញមួយជីវិតដើម្បីបដិវត្តន៍ឥស្លាម និងមហិច្ឆតាដ៏ខ្ពង់ខ្ពស់របស់ប្រទេសជាតិ។
សេចក្តីថ្លែងការណ៍នាថ្ងៃពុធទី១៨ខែមីនាឆ្នាំ២០២៦នេះ បានសរសេររៀបរាប់ថា លោក Larijani បានសម្រេចនូវ «បំណងប្រាថ្នាដ៏យូរអង្វែង» របស់លោក ក្នុងនាមជាអ្នកតស៊ូដ៏មោះមុតដែលបានពលីជីវិត ដើរតាមគន្លងរបស់មេដឹកនាំមុនៗ ដូចជា លោក Ayatollah Seyed Ali Khamenei, លោក Seyed Hassan Nasrallah និងលោក Qassem Soleimani ជាដើម។
យោងតាមទីភ្នាក់ងារព័ត៌មានអ៊ីរ៉ង់ Tasnim លោក Larijani ត្រូវបានសម្លាប់ជាមួយកូនប្រុសម្នាក់របស់លោកឈ្មោះ Morteza ព្រមទាំងក្រុមអង្គរក្សការពារជាច្រើនរូបទៀត។
សូមជម្រាបថា កាលពីថ្ងៃទី១៧មីនា អ៊ីស្រាអែលបានប្រកាសថា លោក Larijani និងប្រធានកងកម្លាំង Basij លោក Gholamreza Soleimani ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាស។ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បានបញ្ជាក់ថា អ្នកទាំងពីរត្រូវបាន «កម្ចាត់» និងបានទៅរួមជោគវាសនាជាមួយអតីតមេដឹកនាំកំពូល Ayatollah Ali Khamenei ដែលបានស្លាប់កាលពីថ្ងៃទី២៨ខែកុម្ភៈ។
ចាប់តាំងពីសង្គ្រាមមក មនុស្សជាង ១ ៣០០នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល និងអាមេរិកក្នុងប្រទេសអ៊ីរ៉ង់ ខណៈដែលការវាយប្រហារសងសឹកដោយមីស៊ីលរបស់អ៊ីរ៉ង់បានសម្លាប់មនុស្ស ១២នាក់ក្នុងប្រទេសអ៊ីស្រាអែល។ ទោះបីជាមានការបាត់បង់ថ្នាក់ដឹកនាំជាន់ខ្ពស់ក៏ដោយ ក៏អ៊ីរ៉ង់នៅតែបន្តបាញ់ស្រោចមីស៊ីល និងដ្រូនសំដៅទៅលើអ៊ីស្រាអែល និងរដ្ឋអារ៉ាប់ដែលផ្តល់ទីតាំងយោធាឲ្យអាមេរិក។ ដោយឡែក លោក Mojtaba Khamenei ដែលជាអ្នកបន្តតំណែងពីឪពុក មិនទាន់បង្ហាញខ្លួនជាសាធារណៈនៅឡើយទេ រហូតមកទល់នឹងពេលនេះ៕