ហ្សេលេនស្គី ប្រាប់ពិភពលោកកុំឲ្យភ្លេចអ៊ុយក្រែន ខណៈសង្រ្គាមអ៊ីរ៉ង់កំពុងទាញការចាប់អារម្មណ៍
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer កាលពីថ្ងៃអង្គារទី១៧ខែមីនាឆ្នាំ២០២៦ ក្នុងគោលបំណងធានាថា ជម្លោះដែលកំពុងឆាបឆេះនៅប្រទេសអ៊ីរ៉ង់ នឹងមិនធ្វើឲ្យពិភពលោកភ្លេចសង្រ្គាមឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែននោះទេ។
តាមការផ្សាយរបស់ AP លោកហ្សេលេនស្គី បានផ្តល់សញ្ញាអាសន្នថា សង្រ្គាមនៅមជ្ឈិមបូព៌ាកំពុងផ្ដល់ផលចំណេញដល់សេដ្ឋកិច្ចរុស្ស៊ី តាមរយៈការហក់ឡើងនៃតម្លៃប្រេង ហើយវាអាចនឹងធ្វើឲ្យការផ្គត់ផ្គង់ប្រព័ន្ធការពារអាកាសពីលោកខាងលិចមកកាន់ទីក្រុងកៀវ មានកម្រិតទាបជាងមុន។ លោកនាយករដ្ឋមន្ត្រី Starmer ក៏បានសម្តែងការយល់ស្រប និងសង្កត់ធ្ងន់ថា មេដឹកនាំរុស្ស៊ី វ៉្លាឌីមៀរ ពូទីន មិនត្រូវក្លាយជាអ្នកចំណេញពីវិបត្តិនៅអ៊ីរ៉ង់ តាមរយៈការឡើងថ្លៃប្រេង ឬការបន្ធូរបន្ថយទណ្ឌកម្មនោះឡើយ។
ក្នុងដំណើរទស្សនកិច្ចនេះ ចក្រភពអង់គ្លេស និងអ៊ុយក្រែន បានឈានដល់កិច្ចព្រមព្រៀងថ្មីមួយ ដោយរួមបញ្ចូលគ្នានូវបទពិសោធន៍សមរភូមិផ្ទាល់របស់អ៊ុយក្រែន ជាមួយឧស្សាហកម្មដ៏រឹងមាំរបស់អង់គ្លេស ដើម្បីផលិតដ្រូនទំនើបៗ។ លោកហ្សេលេនស្គី ថែមទាំងបានស្នើឲ្យសម្ព័ន្ធមិត្តលោកខាងលិច យកបច្ចេកវិទ្យាប្រឆាំងដ្រូនដែលអ៊ុយក្រែនធ្លាប់ប្រើយ៉ាងមានប្រសិទ្ធភាព ទៅប្រើប្រាស់ក្នុងវិបត្តិមជ្ឈិមបូព៌ានាពេលបច្ចុប្បន្នទៀតផង ទោះបីជាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបដិសេធការទទួលជំនួយបច្ចេកទេសពីក្រុងកៀវសម្រាប់ដៃគូនៅតំបន់ឈូងសមុទ្រពែក្សក៏ដោយ៕