គណបក្សប្រជាជនកម្ពុជាក្រុងកំពង់ចាម ប្រកាសបញ្ចូលសមាជិកសមាជិកាថ្មីជាង៧០០នាក់
(កំពង់ចាម)៖ គណបក្សប្រជាជនកម្ពុជាក្រុងកំពង់ចាម នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ បានប្រកាសបញ្ចូលសមាជិកសមាជិកាថ្មីជាង៧០០នាក់ ដែលពិធីនេះធ្វើឡើងក្រោមអធិបតីភាពលោក អ៊ុន ចាន់ដា ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងកំពង់ចាម។
បើតាមសេចក្តីសម្រេចរបស់គណបក្សប្រជាជនកម្ពុជាក្រុងកំពង់ចាម បានឲ្យដឹងថា សមាជិកសមាជិកាបក្សថ្មី ដែលស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាទាំង ៧៤៨នាក់ ក្នុងនោះស្រីចំនួន ៣៨៣នាក់ ដែលមកពីសង្កាត់វាលវង់ ក្រុងកំពង់ចាម។
ស្ថិតក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំគណបក្សប្រជាជនក្រុងកំពង់ចាម ដែលបានទទួលសមាជិកថ្មី មកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
លោក អ៊ុន ចាន់ដា បានបន្តថា ជាការពិតណាស់ក្នុងលទ្ធិប្រជាធិបតេយ្យ គឺមានគណបក្សនយោបាយច្រើន ធ្វើការបោះឆ្នោតដើម្បីគ្រប់គ្រងដឹកនាំនៅក្នុងមូលដ្ឋាន ថ្នាក់ខេត្ត ថ្នាក់ស្រុក ក្រុង ថ្នាក់ឃុំ សង្កាត់ រហូតដល់ថ្នាក់ជាតិ។ ដូច្នេះសមាជិកសមាជិកាថ្មីដែលបានសម្រេចចិត្ត ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា និងថ្ងៃនេះគឺពិតជាបានមើលឃើញអំពីកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដែលមានលក្ខណៈល្អជាង គណបក្សដទៃ ទើបបាននាំគ្នាសម្រេចចិត្តចូលរួម និងគាំទ្រប្រកបដោយការជឿទុកចិត្តមកលើគណបក្សប្រជាជនកម្ពុជា។
លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សមួយដែលមានវ័យចាស់ទុំជាងគេ ពោលគឺមានបទពិសោធន៍ច្រើន ក្នុងកិច្ចការស្ថាបនាជាតិ ដឹកនាំប្រទេសឲ្យមានសុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យរហូតមកដល់សព្វថ្ងៃនេះ៕
