វៀតណាម មើលឃើញប្រេងម៉ាស៊ូតឡើងថ្លៃជាង១០០ភាគរយ និងសាំងឡើងថ្លៃជិត៧០ភាគរយ ចាប់តាំងពីសង្រ្គាមផ្ទុះឡើងនៅមជ្ឈិមបូព៌ា
(ហាណូយ)៖ តួលេខបញ្ចេញដោយក្រសួងពាណិជ្ជកម្មនៃប្រទេសវៀតណាម នាថ្ងៃពុធ ទី២៥ ខែមីនា បានបង្ហាញថា តម្លៃប្រេងម៉ាស៊ូត នៅក្នុងប្រទេសអាស៊ានមួយនេះ បានហក់ឡើងលើសទ្វេដង ចាប់តាំងពីសង្រ្គាមនៅមជ្ឈិមបូព៌ាបានផ្ទុះឡើង កាលពីចុងខែកុម្ភៈ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
តម្លៃប្រេងម៉ាស៊ូតនៅវៀតណាម បានហក់ឡើងយ៉ាងខ្ពស់ប្រមាណ១០៥ភាគរយ គិតចាប់ពីថ្ងៃទី២៦ ខែកុម្ភៈ ពោលគឺ២ថ្ងៃមុនពេលដែល សហរដ្ឋអាមេរិកនិងអ៉ីស្រាអែល បើកការវាយប្រហារលើប្រទេសអ៉ីរ៉ង់។ នាថ្ងៃពុធនេះ រដ្ឋាភិបាលវៀតណាម បានបន្តដំឡើងថ្លៃម៉ាស៊ូត ដល់៣៩ ៦៦០ដុង ឬស្មើនឹង១.៥០ដុល្លារក្នុងមួយលីត្រ កើនពី១៩ ២៧០ដុង កាលពីខែមុន។ ចំណែក ប្រេងសាំងធម្មតា ក៏បានឡើងតម្លៃជិត៦៨ភាគរយផងដែរ ក្នុងចន្លោះពេលដូចគ្នា គឺពី២០ ១៥០ដុង មកដល់៣៣ ៨៤០ដុង (១.២៨ដុល្លារ)។
គួរបញ្ជាក់ថា នាពេលថ្មីៗនេះ វៀតណាមបានស្នើសុំការគាំទ្រប្រេងឥន្ធនៈពីប្រទេសមួយចំនួន ដូចជាកាតា កូវ៉ែត អាល់ហ្សេរី និងជប៉ុន ហើយកាលពីថ្ងៃចន្ទសប្តាហ៍នេះ បានចុះកិច្ចព្រមព្រៀងជាមួយរុស្ស៉ី ពាក់ព័ន្ធកិច្ចសហប្រតិបត្តិការផលិតប្រេងនិងឧស្ម័ន នៅក្នុងប្រទេសទាំងពីរ។ កាលពីថ្ងៃអង្គារ ក្រសួងហិរញ្ញវត្ថុវៀតណាម បានស្នើកាត់បន្ថយពាក់កណ្តាល នូវពន្ធគាំពារបរិស្ថានលើប្រេងសាំងនិងម៉ាស៊ូត៕