អ៊ីរ៉ង់ស្នើចិន-រុស្ស៊ី ជួយធ្វើជា «អ្នកធានាសន្តិភាព» ដើម្បីបង្ការកុំឲ្យ​អាមេរិកវាយម្ដងទៀត

បន្ទាប់ពីមានការប្រកាសផ្អាកការបាញ់គ្នាជាបណ្តោះអាសន្ន រដ្ឋាភិបាលអ៊ីរ៉ង់បានបង្ហាញបំណងចង់​ឲ្យ​ប្រទេសចិន និង​ប្រទេស​រុស្ស៊ី ដើរតួជាអ្នកធានាសន្តិសុខដ៏សំខាន់មួយ ដើម្បីធានាថា សន្តិភាពនៅក្នុងតំបន់មជ្ឈិមបូព៌ានឹងមានភាពរឹងមាំយូរអង្វែង។ នេះ​បើយោង​តាម​ការ​ចុះផ្សាយ​របស់ South China Morning Post នា​ថ្ងៃ​ទី​៨ខែមេសា​ឆ្នាំ​២០២៦។

លោក Abdolreza Rahmani Fazli ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំទីក្រុងប៉េកាំង បានថ្លែងនៅក្នុងសន្និសីទកាសែតមួយនា​ថ្ងៃពុធ​នេះ​ថា អ៊ីរ៉ង់មានបំណងចង់​ឲ្យ​ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងប្រទេសមហាអំណាចដូចជា ចិន និងរុស្ស៊ី រួមគ្នាធានាថា សហរដ្ឋអាមេរិកនឹងមិនត្រឡប់មកបង្កសង្គ្រាមជាថ្មីម្ដងទៀតឡើយ។

លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា ក្រៅពីមហាអំណាចទាំងពីរ អ៊ីរ៉ង់ក៏សង្ឃឹមលើប្រទេសអ្នកសម្របសម្រួលដូចជា ប៉ាគីស្ថាន និងតួកគី រួមដៃគ្នាដើម្បីថែរក្សាសន្តិភាពក្នុងតំបន់ឲ្យ​បានពិតប្រាកដ។ ការអំពាវនាវនេះបានធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ បានសម្រេចផ្អាកការទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់រយៈពេល​២​សប្តាហ៍ ដើម្បីទុកឱកាស​ឲ្យ​មានការចរចាបទឈប់បាញ់។ សូម្បីតែលោក​ត្រាំ​ខ្លួនឯង ក៏បានទទួលស្គាល់ដែរថា ប្រទេសចិនពិតជាបានដើរតួយ៉ាងសំខាន់ក្នុងការជំរុញ​ឲ្យ​អ៊ីរ៉ង់ព្រមចូលមកតុចរចាវិញ។

នៅក្នុងជំនួបជាមួយអ្នកសារព័ត៌មាន លោក Fazli បានលើកឡើងថា អ៊ីរ៉ង់បានរក្សាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយប្រទេសជាមិត្ត ជាពិសេសគឺប្រទេសចិនតែម្ដង។ លោកបានសង្កត់ធ្ងន់ថា អ្វីដែលអ៊ីរ៉ង់ចង់បានបំផុតនៅពេលនេះ គឺការបញ្ឈប់សង្គ្រាម និងការធ្វើឲ្យ​បទឈប់បាញ់នេះមានប្រសិទ្ធភាពយូរអង្វែង ប៉ុន្តែរឿងនេះទៅរួច លុះត្រាតែមាន «ការធានាមួយដែលគួរ​ឲ្យ​ទុកចិត្តបាន» ពីសំណាក់សហគមន៍អន្តរជាតិ ដើម្បីការពារកុំឲ្យ​ភ្លើងសង្គ្រាមផ្ទុះឡើងជាថ្មីតាមអំពើចិត្តរបស់ភាគីណាមួយ៕

 

អត្ថបទដែលជាប់ទាក់ទង