លោក ដូណាល់ ត្រាំ និយាយវាយប្រហារសម្តេចប៉ាប បន្ទាប់ពី​ប្រមុខសង្ឃកាតូលិក រិះគន់សង្រ្គាមអាមេរិក-អ៉ីស្រាអែលលើអ៉ីរ៉ង់

(វ៉ាស៉ីនតោន)៖ នាថ្ងៃអាទិត្យ ទី១២ ខែមេសា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយវាយប្រហារទៅលើ​សម្តេចប៉ាប Leo បន្ទាប់ពីប្រមុខសង្ឃកាតូលិកអង្គនេះ បានរិះគន់ការធ្វើសង្រ្គាមរបស់អាមេរិកនិងអ៉ីស្រាអែល ប្រឆាំងប្រទេសអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

សម្តេចប៉ាប Leo កាលពីឆ្នាំមុន បានក្លាយជាប្រមុខសង្ឃកាតូលិកដំបូងបំផុត ដែលមានដើមកំណើតពីអាមេរិក។ ព្រះអង្គត្រូវគេសង្កេតឃើញថា បានបញ្ចេញមតិរិះគន់ត្រង់ៗ ចំពោះសង្រ្គាមអាមេរិក-អ៉ីស្រាអែល ជាមួយអ៉ីរ៉ង់ ចាប់តាំងពីវាបានផ្ទុះឡើង កាលពីថ្ងៃទី២៨ ខែកុម្ភៈ។ កាលពីមុន សម្តេចប៉ាប Leo ក៏បានរិះគន់គោលនយោបាយអន្តោប្រវេសន៍របស់រដ្ឋបាល លោក ត្រាំ ផងដែរ។

ក្នុងសារបង្ហោះលើបណ្តាញសង្គម ​Truth Social កាលពីថ្ងៃអាទិត្យ លោក ត្រាំ បាននិយាយថា សម្តេចប៉ាប Leo ប្រកាន់ជំហរទន់ខ្សោយចំពោះ​ឧក្រិដ្ឋកម្ម ហើយមិនចេះចាត់ចែងឡើយរឿងកិច្ចការអន្តរជាតិ។ លោក ត្រាំ បានបន្តថា សម្តេចប៉ាប Leo គួរបំពេញតួនាទីឱ្យប្រសើរ​ក្នុងនាមជាប្រមុខសង្ឃកាតូលិក ហើយក្រោយមកទៀត លោកប្រធានាធិបតីអាមេរិក បានប្រាប់ក្រុមអ្នកសារព័ត៌មានថា រូបលោកមិនសូវចូលចិត្តសម្តេចប៉ាបប៉ុន្មានទេ។ មិនតែប៉ុណ្ណោះ លោក ត្រាំ ថែមទាំងបានលើកឡើងថា សម្តេចប៉ាប Leo ត្រូវបានជ្រើសរើសឱ្យក្លាយជា មេដឹកនាំថ្មីរបស់ព្រះវិហារគ្រិស្តកាតូលិក កាលពីឆ្នាំ២០២៥ គឺដោយសារតែព្រះអង្គជាជនជាតិអាមេរិកប៉ុណ្ណោះ ព្រោះបុរីវ៉ាទីកង់គិតថា វាគឺជាជម្រើសប្រសើរជាងគេ ដើម្បីទប់ទល់ជាមួយលោក​ បន្ទាប់ពីរូបលោកបានត្រឡប់មកកាន់អំណាច​សាជាថ្មី។

កន្លងមកនេះ ថ្លែងចេញពីទីលាន St Peter’s Square នៅបុរីវ៉ាទីកង់ សម្តេចប៉ាប Leo បានមានព្រះបន្ទូលថា ព្រះជាម្ចាស់ មិនទទួលយកឡើយ នូវការបន់ស្រន់របស់មេដឹកនាំទាំងឡាយណា ដែលបង្កសង្រ្គាម ហើយមានដៃប្រឡាក់ទៅដោយឈាម ហើយនាពេលនោះ ព្រះអង្គបានហៅសង្រ្គាមអ៉ីរ៉ង់ថា ជាទង្វើដ៏សាហាវយង់ឃ្នង។ សម្តេចប៉ាប Leo បានអំពាវនាវឱ្យលោក ត្រាំ ស្វែងរកច្រកចេញដើម្បីបិទបញ្ចប់ជម្លោះវិញ ហើយកាត់បន្ថយបរិមាណនៃអំពើហិង្សា។ កាលពីថ្ងៃអាទិត្យ អាជ្ញាធរនៅអ៉ីរ៉ង់ បានអះអាងថា សង្រ្គាមរបស់អាមេរិកនិងអ៉ីស្រាអែល បានផ្តាច់ជីវិតមនុស្សយ៉ាងហោច ៣ ៣៧៥នាក់។

កាលពីឆ្នាំមុន សម្តេចប៉ាប Leo ក៏បានរិះគន់គោលនយោបាយអន្តោប្រវេសន៍របស់លោក ត្រាំ ផងដែរ ដោយសម្តេចជឿជាក់អំពី​​ការប្រកាន់ជំហរយោគយល់និងអត់ឱន ក្នុងការដោះស្រាយបញ្ហាអន្តោប្រវេសន៍ ផ្ទុយពីជំហររបស់លោក ត្រាំ ដែលបាននិយាយថា សហរដ្ឋអាមេរិក ចាំបាច់ត្រូវតែបង្រ្កាបការធ្វើអន្តោប្រវេសន៍ពីប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីកាត់បន្ថយឧក្រិដ្ឋកម្ម។ កាលពីថ្ងៃអាទិត្យ លោក ត្រាំ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា សម្តេចប៉ាប Leo គឺជាបុគ្គលដែលមិនជឿក្នុងការទប់ស្កាត់ឧក្រិដ្ឋកម្ម។

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ ក៏ធ្លាប់មានទំនាក់ទំនងមិនល្អជាមួយសម្តេចប៉ាបមុនផងដែរ គឺសម្តេចប៉ាប Francis ដែលបាន​រិះគន់សំណើគោលនយោបាយអន្តោប្រវេសន៍របស់លោក នៅពេលលោកឈរឈ្មោះលើកដំបូងជាប្រធានាធិបតី ហើយនិយាយថា លោក ត្រាំ មិនមែនជាគ្រិស្តសាសនា។ កាលពីអំឡុងដើមឆ្នាំ២០១៦ លោក ត្រាំ បានហៅសម្តេចប៉ាប Francis ថា ជាបុគ្គលដ៏គួរឱ្យអាម៉ាស់៕

អត្ថបទដែលជាប់ទាក់ទង