អាមេរិក រឹបយកកប៉ាល់ដឹកទំនិញអ៊ីរ៉ង់ នៅឈូងសមុទ្រអូម៉ង់ ខណៈទីក្រុងតេហេរ៉ង់ គំរាមសងសឹក

សហរដ្ឋអាមេរិក បានរឹបយកកប៉ាល់ដឹកទំនិញរបស់អ៊ីរ៉ង់ នៅក្នុងឈូងសមុទ្រអូម៉ង់ ខណៈទីក្រុងតេហេរ៉ង់ ប្រកាសសងសឹកវិញ ធ្វើឲ្យស្ថានការណ៍ឡើងកម្តៅខ្លាំងសាជាថ្មី ទោះមានបទឈប់បាញ់ក៏ដោយ។

ការបញ្ជាក់អំពីការរឹបយកកប៉ាល់អ៊ីរ៉ង់នេះ ត្រូវបានប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បង្ហោះនៅលើបណ្តាញសង្គម Truth Social កាលពីថ្ងៃអាទិត្យទី១៩ខែមេសាឆ្នាំ២០២៦ ដោយលោកសរសេរថា៖ «ថ្ងៃនេះ កប៉ាល់ដឹកទំនិញដោតទង់ជាតិអ៊ីរ៉ង់មួយគ្រឿងឈ្មោះថា TOUSKA ដែលមានប្រវែងប្រហែល ២៧៤ម៉ែត្រ និងមានទម្ងន់សឹងតែស្មើនាវាផ្ទុកយន្តហោះទៅហើយនោះ បានព្យាយាមបើកឆ្លងកាត់ការបិទខ្ទប់ផ្លូវទឹករបស់កងទ័ពជើងទឹករបស់យើង ប៉ុន្តែលទ្ធផលមិនបានល្អសម្រាប់ពួកគេឡើយ។ នាវាពិឃាដបំពាក់មីស៊ីលនាំផ្លូវរបស់កងទ័ពជើងទឹកអាមេរិក USS SPRUANCE បានស្ទាក់ចាប់កប៉ាល់ TOUSKA នៅក្នុងឈូងសមុទ្រអូម៉ង់ ហើយធ្វើការព្រមានឲ្យពួកគេបញ្ឈប់ដំណើរការ»។

ប្រមុខសេតវិមានបន្តថា៖ «នាវិកអ៊ីរ៉ង់មិនព្រមស្ដាប់ ដូច្នេះនាវាកងទ័ពជើងទឹករបស់យើងក៏បានបញ្ឈប់ពួកគេនៅនឹងកន្លែង តាមរយៈការបាញ់ទម្លុះបន្ទប់ម៉ាស៊ីន។ ពេលនេះ កងម៉ារីនអាមេរិកបានចូលគ្រប់គ្រងនាវានោះហើយ។ កប៉ាល់ TOUSKA គឺស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់ក្រសួងរតនាគារអាមេរិក ដោយសារតែប្រវត្តិធ្លាប់ធ្វើសកម្មភាពខុសច្បាប់ពីមុនមក។ យើងកំពុងគ្រប់គ្រងកប៉ាល់នេះទាំងស្រុង ហើយកំពុងពិនិត្យមើលថា តើមានអ្វីខ្លះនៅលើលើនាវានោះ!»។

ឆ្លើយតបទៅរឿងនេះ អ៊ីរ៉ង់ចាត់ទុកជាការបំពានបទឈប់បាញ់ហើយគំរាមសងសឹកទៅវិញ ដោយស្ថាប័នកងទ័ពកំពូល Khatam al-Anbiya ចេញសេចក្តីថ្លែងការណ៍ថា៖ «សហរដ្ឋអាមេរិកបាន រំលោភលើបទឈប់បាញ់ ដោយបើកការបាញ់ប្រហារលើកប៉ាល់ពាណិជ្ជកម្មមួយគ្រឿងរបស់អ៊ីរ៉ង់នៅក្នុងផ្ទៃទឹកនៃសមុទ្រអូម៉ង់ ធ្វើឲ្យប្រព័ន្ធនាវាចរណ៍របស់កប៉ាល់លែងដំណើរការ។ កងកម្លាំងប្រដាប់អាវុធនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ នឹងឆ្លើយតបនិងសងសឹកក្នុងពេលឆាប់ៗ ចំពោះទង្វើចោរកម្មប្រដាប់អាវុធដោយកងទ័ពជើងទឹកអាមេរិក»៕

ប្រភព៖ RT

អត្ថបទដែលជាប់ទាក់ទង