នាវាកម្សាន្តខ្នាតយក្សរបស់រុស្ស៉ី ឆ្លងកាត់ច្រកសមុទ្រ Hormuz បានដោយគ្មានបញ្ហា
(Reuters)៖ នាវាកម្សាន្តខ្នាតយក្សមួយគ្រឿង ពាក់ព័ន្ធជាមួយមហាសេដ្ឋីរុស្ស៉ីជាប់ទណ្ឌកម្ម លោក Alexey Mordashov បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅ ខណៈដែលវាជានាវាមួយ ក្នុងចំណោមនាវាតិចតួចប៉ុណ្ណោះ ដែលអាចឆ្លងកាត់ផ្លូវដឹកជញ្ជូនដែលត្រូវបានបិទខ្ទប់មួយនេះ និងដែលជាចំណុចកណ្តាល នៃជម្លោះរវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ទិន្នន័យតាមដានការដឹកជញ្ជូនផ្លូវសមុទ្រពី MarineTraffic បានឱ្យដឹងថា Nord ដែលជានាវាទេសចរណ៍ប្រវែង ១៤២ម៉ែត្រ តម្លៃជាង ៥០០លានដុល្លារ បានចេញពីកំពង់ផែឌូបៃ ទៅដល់ទីក្រុង Muscat ដោយឆ្លងកាត់ច្រកសមុទ្រ Hormuz។ គេមិនច្បាស់ទេថាតើនាវាកម្សាន្តច្រើនជាន់នេះ ទទួលបានការអនុញ្ញាតឱ្យប្រើប្រាស់ផ្លូវនេះ ដោយរបៀបណា។ អ្នកតំណាងរបស់មហាសេដ្ឋីក្នុងវិស័យដែកថែប លោក Mordashov បានបដិសេធធ្វើអត្ថាធិប្បាយ កាលពីថ្ងៃចន្ទ។
គួរបញ្ជាក់ថា ចាប់តាំងពីខែកុម្ភៈមក អ៉ីរ៉ង់បានរឹតត្បិតចរាចរណ៍តាមច្រកសមុទ្រ Hormuz ដែលជាធម្មតានាំប្រេងប្រហែលមួយភាគប្រាំ ទៅផ្គត់ផ្គង់ដល់ពិភពលោក។ ជាការឆ្លើយតប សហរដ្ឋអាមេរិក បានបិទផ្លូវចេញ-ចូលកំពង់ផែអ៉ីរ៉ង់៕
